ក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្តេជ្ញាជំរុញការប្រើប្រាស់ថាមពលស្អាតក្នុងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Grab Holdings Inc. ប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញការប្តេជ្ញាចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាតក្នុងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយិងតាមជំនួបពិភាក្សារវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Alex Hungate ប្រធាន និងជានាយកប្រតិបត្តិការ (COO) នៃក្រុមហ៊ុន Grab Holdings Inc. ប្រទេសសិង្ហបុរី កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកកំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

ក្នុងជំនួបនោះ  លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Alex Hungate និងគណៈប្រតិភូក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបន្តវិនិយោគ និងពង្រីកសេវាកម្មទំនើបៗនៅកម្ពុជា ដែលរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ជាកិច្ចឆ្លើយតប លោក Alex Hungate បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Grab នៅកម្ពុជា។ ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សារួមមាន៖ ការពង្រីកវិសាលភាពសេវាកម្ម និងការពិនិត្យលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទានដល់ដៃគូសហការរបស់ក្រុមហ៊ុន សំដៅបង្កភាពងាយស្រួល និងពង្រីកវិសាលភាពទីផ្សាររបស់ខ្លួន។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅជុំវិញគំនិតផ្តួចផ្តើមបៃតងរបស់កម្ពុជា។ ក្នុងនោះ ក្រុមហ៊ុន Grab ក៏បានបង្ហាញពីឆន្ទៈ និងវិធីសាស្ត្រជាក់ស្តែងក្នុងការចូលរួមគាំទ្ររាជរដ្ឋាភិបាល ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាតក្នុងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន