ធនាគារកណ្តាលអាមេរិក Fed បន្តរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរជាលើកទីបីជាប់ៗគ្នា

អន្តរជាតិ

ដូចការរំពឹងទុករបស់ទីផ្សារពិតមែន ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) បានបន្តរក្សាអត្រាការប្រាក់របស់ខ្លួនមិនផ្លាស់ប្តូរនោះឡើយ នៅក្នុងកិច្ចប្រជុំគោលនយោបាយលើកទីបី នៅក្នុងឆ្នាំ២០២៦ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែមេសា បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ ធនាគារកណ្តាលអាមេរិក បានសម្រេចចិត្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួនមិនផ្លាស់ប្តូរ នៅចន្លោះ ៣,៥-៣,៧៥%។

ជុំវិញការវិធានការនេះ គឺស្រដៀងគ្នាទៅនឹងកិច្ចប្រជុំដែលធ្វើឡើងនៅក្នុងខែមករា និងខែមីនាដែរ ខណៈកាលពីឆ្នាំមុន Fed បានសម្រេចកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួនចំនួនបីដងជាប់ៗគ្នា។

ធនាគារកណ្តាលសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនបន្ទាប់ពីកិច្ចប្រជុំថា ៖”អតិផរណាកំពុងកើនឡើង ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្លៃថាមពលសកលថ្មីៗនេះ។ ស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងរួមចំណែកដល់ការកើនឡើងនៃភាពមិនប្រាកដប្រជាយ៉ាងខ្លាំង នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចអាមេរិក”។

យ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបានរក្សាការពិពណ៌នារបស់ខ្លួនអំពីរបៀបដែលធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងវាយតម្លៃលើវិសាលភាព និងពេលវេលានៃការកែតម្រូវអត្រាការប្រាក់បន្ថែមទៀត។ ដែលឃ្លានេះ បញ្ជាក់ថាអត្រាការប្រាក់អាចនឹងត្រូវបានបន្ទាបនៅពេលក្រោយ។

ជម្រាបជូនថា បន្ទាប់ពីការប្រកាសរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក សន្ទស្សន៍ភាគហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្ថែមទៀត។ បច្ចុប្បន្ន ភាគហ៊ុន S&P 500 និង Nasdaq Composite បានធ្លាក់ចុះ ០,២៧% ខណៈភាគហ៊ុន DJIA បានធ្លាក់ចុះដល់ទៅ ០,៧%៕​