មន្ទីរបញ្ចកោណ កាលពីពេលថ្មីៗនេះ បានស្នើឲ្យសភាអនុម័តច្បាប់មួយ ដើម្បីប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាមវិញ ដោយបញ្ជាក់ថាដំណើរការនេះនឹងត្រូវចំណាយទឹកប្រាក់អស់ ៥២លានដុល្លារ។

យោងតាមការចុះផ្សាយពី Fox News នៅថ្ងៃទី២៨ ខែមេសា ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានដាក់សំណើមួយទៅសភាដោយស្នើសុំឲ្យអ្នកតាក់តែងច្បាប់បង្កើតច្បាប់ថ្មីមួយដើម្បីប្តូរឈ្មោះទីភ្នាក់ងារនេះទៅជា “ក្រសួងសង្គ្រាម”។ សំណើនេះបានបញ្ជាក់ទៀតថា ការប្តូរឈ្មោះទៅជាក្រសួងសង្គ្រាមនេះ គឺជាការរំលឹកមូលដ្ឋានអំពីសារៈសំខាន់ និងការគោរពចំពោះបេសកកម្មស្នូលរបស់ទីភ្នាក់ងារ ដើម្បីប្រយុទ្ធ និងឈ្នះសង្គ្រាម។
នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីប្តូរឈ្មោះក្រសួងការពារជាតិទៅជាក្រសួងសង្គ្រាម ដោយបញ្ជាក់ថាការសម្រេចចិត្តនេះ គឺដើម្បីជាការផ្ញើសារជ័យជំនះ ទៅកាន់ពិភពលោក។ លោកអះអាងទៀតថាឈ្មោះក្រសួងការពារជាតិ ត្រូវបានប្រើប្រាស់អស់រយៈពេលជាង ៧០ឆ្នាំមកហើយ ដូច្នេះវាត្រូវតែផ្លាស់ប្តូរ ដើម្បីកុំឲ្យមានលក្ខណៈនយោបាយខ្លាំងពេក។
តែទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តប្តូរឈ្មោះ នឹងអាចចូលជាធរមានជាផ្លូវការបាន លុះត្រាតែមានការអនុម័តពីសភាអាមេរិក។ បច្ចុប្បន្ន ក្រសួងសង្គ្រាមគ្រាន់តែជាឈ្មោះបន្ទាប់បន្សំប៉ុណ្ណោះ មិនមែនជាឈ្មោះផ្លូវការរបស់ក្រសួងការពារជាតិអាមេរិកនៅឡើយទេ។
យោងតាមមន្ទីរបញ្ចកោណ ការផ្លាស់ប្តូរឈ្មោះក្រសួងការពារជាតិទៅជាក្រសួងសង្គ្រាមត្រូវបានប៉ាន់ប្រមាណថានឹងចំណាយទឹកប្រាក់ប្រហែល ៥២លានដុល្លារ។ តួលេខនេះគឺទាបជាងការព្យាកររបស់ការិយាល័យថវិកាសភា ក្នុងខែមករា ដែលបានប៉ាន់ប្រមាណថាតម្លៃនៃការប្តូរឈ្មោះអាចឡើងដល់ ១២៥លានដុល្លារ៕

