កម្ពុជា-សិង្ហបុរី នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកភស្តុភារកម្ម និងប្រព័ន្ធចម្រោះទឹកកខ្វក់ឱ្យកាន់តែប្រសើរថែមទៀត។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
នាឱកាសនោះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមអបអរសាទរ ចំពោះ លោក Steven Pang Chee Wee ដែលទើបតែងតាំងថ្មីជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ពិសេសកិច្ចសហប្រតិបត្តិការលើផ្នែកភស្តុភារកម្ម និងប្រព័ន្ធចម្រោះទឹកកខ្វក់។

សូមជម្រាបដែរថា ពាក់ព័ន្ធនឹងវិស័យភស្តុភារកម្ម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការមេជំរុញប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងព័ស្តុភារកម្ម ក្នុងទុនវិនិយោគ ៣៦ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិព័ស្តុភារកម្មលើកទី១០ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងជាប្រធានក្រុមប្រឹក្សាជាតិព័ស្តុភារកម្ម កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦៕ អត្ថបទ៖ហ្សាលីន


