កម្ពុជា-ចិន រួមគ្នាពង្រឹងកិច្ចសហការពាណិជ្ជកម្ម​ និង​វិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ចិន បានបង្ហាញការប្តេជ្ញាថា នឹងរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ីឱ្យកាន់តែខ្លាំង ដើម្បី​​​​ឱ្យមានកិច្ចអភិវឌ្ឍសេដ្ឋកិច្ចកាន់តែស៊ីជម្រៅថែមទៀត។ ការបង្ហាញការប្តេជ្ញានេះ ត្រូវបានធ្វើឡើង តាមរយៈវេទិកាស្តីពី “ការ​​​​ជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ កម្ពុជា​-ចិន​(ក្វាង​ស៊ី​)” ដែលរៀបចំនៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា កាល​ថ្ងៃទី២២ ខែមេសា​​ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាខាងលើ​ បានរៀបចំឡើង ក្រោមវត្តមាន លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង​លោក​ ឡាន​ ធានលី អភិបាលតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត។

​លោក​ ឡាន​ ធានលី អភិបាលតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ចំណង​មិត្ត​ភាព​កម្ពុជា​-ចិន​ បាន​ក្លាយ​ជាមិត្ត​ភាព​ត្បួង​ពេជ្រ​ នាឆ្នាំ​២០២៣នេះ​ គឺ​គម្រប​ខួប​ទី​៦០​ នៃ​កិច្ច​ទំនាក់​ទំនង​ការ​ទូត​ និងកិច្ច​​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​។

អភិបាលតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី អះអាងដែរថា តាមរយៈកិច្ច​សហប្រតិបត្តិការ​កម្ពុជា​-ចិន​ ក្រោម​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់មួយ​ ក្នុង​ការ​កសាង​សហគមន៍​ជោគវាសនាតែ​មួយ និង​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-ចិន​ នឹងជួយ​ជំរុញ​ឱ្យ​កិច្ច​ការអភិវឌ្ឍសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និង​កសិកម្ម​កាន់​តែ​ស៊ី​ជម្រៅ​ទ្វេភាគី​កាន់​តែ​រឹង​មាំ​បន្ថែមទៀត។

ជាមួយគ្នានេះ លោកក៏បាន អញ្ជើញក្រសួង​ពាណិជ្ជកម្ម​ ចូល​រួម​ក្នុង​ពិព័រណ៍ចិន-​អាស៊ាន​ លើក​ទី​២០ និង​វេទិកា​ពាណិជ្ជកម្ម​ និង​វិនិយោគ​ នៅ​ទី​ក្រុង​ណានីង​ ប្រទេស​ចិន​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០២៣ ខាងមុខផងដែរ។

ឆ្លើយតបចំពោះការលើកឡើងនេះ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​ បានឱ្យដឹងដែរថា កម្ពុជាបានបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯក​ជន​កម្ពុជា​​នៅ​ប្រទេសចិន​ចំនួន​១០ទីតាំង និង​គ្រោង​បើក​ចំនួន​៥​បន្ថែម​ ក្រោម​ការ​គាំ​ទ្រ​ និង​កិច្ច​សហ​ប្រតិ​បត្តិកា​រល្អ​រវាង​ប្រទេស​ទាំងពីរ​។ លោកក៏ជំរុញឱ្យ​សហគ្រាស​-ក្រុមហ៊ុន​ចិនពី​ខេត្ត​ក្វាង​ស៊ី​ដែលចូលរួមវេទិកនេះ ​ សូម​ធ្វើការ​បណ្តាក់​ទុន​ និង​វិនិយោគនៅប្រទេស​​កម្ពុជា​ លើ​ការ​ផលិត​ និង​កែច្នែ​ផលិត​ផល​កសិកម្ម​​ ខណៈ​កម្ពុជា​មាន​ទីផ្សារ​​នាំ​ចេញ​ទៅសហភាព​​អឺរ៉ុប​ បណ្តាប្រទេស​នៅ​ក្នុង​តំបន់​ និង​លើពិភព​លោក​​ស្រាប់។

នាឱកាសនោះដែរ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះ បានបង្ហាញការរំពឹងទុកដែរថា ​ការ​ចូល​រួម​ពិព័រណ៍​​ចិន-អាស៊ាន និង​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​ នៅប្រទេស​ចិន នាខែ​កញ្ញា ខាងមុខនេះ នឹង​ជួយជំរុញ​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាង​ប្រទេស​ទាំង​ពី​របន្ថែមមួយកម្រិតទៀត៕