វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ បង្ហាញភាពវិជ្ជមានក្រោយបើកដំណើរការប្រទេសជាប្រក្រតីឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

ក្រោយពីការបើកប្រទេសឲ្យដំណើរជាប្រក្រតីឡើងវិញ វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ បាននិងកំពុងវិលត្រលប់មកភាពល្អប្រសើរឡើងវិញ ។ ជាក់ស្តែងកាលពីក្នុងឆ្នាំ២០២២ ភ្ញៀវទេសចរណ៍បានមកកម្សាន្តមានចំនួនជិត៣០ម៉ឺននាក់ មានចំនួនកើនឡើងជាង៣០០ភាគរយបើធៀបនឹងឆ្នាំ ២០២១ ។ នេះបើតាមការបញ្ជាក់របស់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ងួន រតនៈ បានលើកឡើងថា មុនវិបត្តិជំងឺកូវីដ១៩ ភ្ញៀវទេសចរណ៍មកទស្សនាខេត្តមានប្រមាណ ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ តែក្នុងឆ្នាំ២០២០និង២០២១ ភ្ញៀវទេសចរណ៍បានធ្លាក់ចុះយ៉ាងគំហុក មកត្រឹមប្រមាណ ៦ម៉ឺននាក់ក្នុងមួយឆ្នាំ ។ ហើយនៅក្នុងរយៈពេល៥ ឆ្នាំកន្លងទៅនេះ ខេត្តកំពង់ធំបានទទួលភ្ញៀវទេសចរសរុបចំនួនជាង១លាននាក់។

គួរបញ្ជាក់ថា ខេត្តកំពង់ធំ មានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន ១៤កន្លែង និងរមណីយដ្ឋានកសិទេសចរណ៍ មួយកន្លែង ។ ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍សំខាន់ៗចំនួន ១៤កន្លែង ក្នុងនោះរមណីយដ្ឋានដែលទាក់ ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេគឺ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទគុកនគរ រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំសន្ទុក រមណីយដ្ឋានធម្មជាតិស្ទឹងព្រៃប្រស់ រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ និងរមណីយដ្ឋានកែច្នៃស្ទឹងជីនិត ៕