ស្ពានអាកាសមរតកតេជោ ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ

សង្គម​និង​សេដ្ឋកិច្ច

ស្ពានអាកាស “មរតកតេជោ” កម្ពស់ពីរជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញតេលេក្រាមផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះបានឱ្យដឹងថា ស្ពានអាកាសមរតកតេជោនេះ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននាថ្ងៃទី១ មេសា ២០២៤ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សម្តេចធិបតីបន្តថា ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី ព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិត ក្នុង មូលដ្ឋាន ខណ្ឌ មានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី២ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មកមហាវិថី ព្រះមុនីវង្ស ដោយបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៨០% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ។

សម្តេចធិបតីបានគូសបញ្ជាក់ថា ផ្លូវ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ។ សមិទ្ធផលនេះ ក៏នឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា និងសម្រួលដល់ការធ្វើដំណើរប្រកបការងារ ជាពិសេស ការជួយលើកកម្ពស់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា ស្ពាននេះជាស្ពានអាកាសទី៨ហើយ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។ដំណាក់កាលទី១បញ្ចប់នៅចុងខែមីនា ឆ្នាំនេះ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិឆ្នាំ២០២៥ខាងមុខ៕