បណ្ឌិត យ៉ង សំាងកុមារ ជ្រើសយកតំណែងដែលមានឱកាសចូលរួមគាំទ្រកសិករ១លានគ្រួសារដើម្បីលើកស្ទួយផលិតផលកសិកម្មនិងប្រាក់ចំណូល

សង្គម​និង​សេដ្ឋកិច្ច

ក្រោយពីបានចូលរួមជាមួយរាជរដ្ឋាភិបាលនៅចុងឆ្នាំ២០២២ លោកបណ្ឌិត យ៉ង សំាងកុមារ បានសម្រេចចិត្តជ្រើសរើសតំណែងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយបោះបង់នូវតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដើម្បីបានចូលរួមធ្វើការគាំទ្រកសិកឱ្យបាន១លានគ្រួសារដើម្បីលើកស្ទួយផលិតផលកសិកម្ម និងប្រាក់ចំណូល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត យ៉ង សំាងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ខ្ញុំបានចូលរួមជាមួយរាជរដ្ឋាភិបាលនៅខែធ្នូ២០២២ក្នុងបេសកកម្មចូលរួមអភិវឌ្ឍន៍កសិកម្មកម្ពុជាដោយចាប់ផ្តើមពីវិស័យស្រូវអង្ករ និងមានផែនការចូលរួមធ្វើការគាំទ្រកសិករឱ្យបាន១លានគ្រួសារនៅទូទាំងប្រទេសដើម្បីលើកស្ទួយផលិតកម្មកសិកម្មនិងប្រាក់ចំណូល។

យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោក បណ្ឌិត យ៉ង សំាងកុមារ បានឱ្យដឹងថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះខ្ញុំត្រូវធ្វើការជ្រើសរើសរវាងតំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីឬរដ្ឋលេខាធិការ។ពេលនេះខ្ញុំបានសម្រេចចិត្តជ្រើសរើសយកតំណែងជារដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បីចូលរួមប្រឡូកផ្ទាល់ក្នុងការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល គឺអាទិភាពទី៥ និងទី៦ដែលជាកម្មវិធីគោលនយោបាយកសិកម្ម។១- ការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកំរិតសមរម្យនិង២-ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំសង្កាត់ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេសនិងការរៀបចំឱ្យមានសមាគមកសិករនៅតាមជនបទ។

លោកបណ្ឌិត សង្កត់ធ្ងន់ថា«យើងមានផែនការដាក់ពង្រាយមន្រ្តីជំនាញកសិកម្មចំនួន១៦០០ នាក់នៅទូទាំងប្រទេសដើម្បីធ្វើការជាមួយកសិករជាង១លានគ្រួសារ។ខ្ញុំនឹងខិតខំចូលរួមជាមួយឯកឧត្តមរដ្ឋមន្រ្តីលោក ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងទាំងអស់ក្នងការដឹកនាំអនុវត្តន៍កម្មវិធីគោលនយោបាយទាំង២ខាងលើនេះឱ្យបានជោគជ័យដើម្បីវិស័យកសិកម្ម ជីវភាពកសិករ និងសន្តិសុខស្បៀងសម្រាប់សង្គមជាតិយើងទាំងមូល»៕

អត្ថបទ៖សារេត