សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅតំណាងយូណេស្កូ ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោកFlavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា កាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះអង្គការយូណេស្កូ ដែលបានចូលរួមចំណែកជួយដល់កម្ពុជានៅពេលកន្លងមក។ សម្ដេចសង្ឃឹមថាក្នុងបេសកកម្មរបស់ឯកឧត្តមតំណាងអង្គការយូណេស្កូនៅពេលនេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការយូណេស្កូកាន់តែរឹងមាំបន្ថែមទៀត។
ជាមួយគ្នានេះ សម្ដេចតេជោ បានលើកឡើងអំពីសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាដែលត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមកន្លងទៅ ជាពិសេសថ្មីៗនេះ តាមរយៈ សង្គ្រាមកម្ពុជា និងថៃហើយសម្ដេចបានប្រាប់ទៅឯកឧត្តមតំណាងយូណេស្កូ ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។
ជាការឆ្លើយតប ឯកឧត្តម Flavio Bonetti បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ឯកឧត្តមបានលើកឡើងនូវទំនាក់ទំនងរវាងកម្ពុជានិង UNESCO ឯកឧត្តមលើកឡើងថាជាទំនាក់ទំនងដ៏រឹងមាំនិងជ្រាលជ្រៅ។ឯកឧត្តមបានបញ្ជាក់ថាអង្គការ UNESCO នឹងខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។

តំណាងអង្គការ UNESCO ក៏បានសម្ដែងការសោកស្ដាយនិងក្រៀមក្រំ នៅពេលដែលបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានបំផ្លាញជាពិសេសគឺប្រាសាទព្រះវិហារតែម្ដង ដោយលោក បញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជួសជុលនិងស្ដារនូវការខូចខាតនៅសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ UNESCO ក៏បានបង្ហាញការគាំទ្រពេញទំហឹងក្នុងការសហការជាមួយនឹងស្ថាប័នដែលជាសេនាធិការរបស់រដ្ឋាភិបាលជាពិសេសក្រសួងអប់រំក្នុងការពង្រឹងបន្ថែមទៀតនៅក្នុងវិស័យអប់រំកម្ពុជា។ បន្ថែមពីលើនេះ UNESCO ក៏បានលើកឡើងអំពីការបន្តការគាំទ្រចំពោះការអភិរក្សសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាទាំងរូបីនិងអរូបី ហើយនិងបន្តជួយដល់កម្ពុជាក្នុងការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌដទៃទៀតទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក៕ អត្ថបទ៖ហ្សាលីន

