សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី៖ ឆ្មប គឺជាស្នូលដ៏សំខាន់ក្នុងការធានាបាននូវសុវត្ថិភាពមាតា និងទារក

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានចាត់ទុក ឆ្មប គឺជាស្នូលដ៏សំខាន់ក្នុងការធានាបាននូវសុវត្ថិភាពមាតា និងទារក ព្រោះថា ឆ្មប គឺជាអ្នកផ្តល់នូវការ ថែទាំសំខាន់ៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ បានធ្វើឡើងតាមរយៈសារលិខិតក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ៖ ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់ ដែលផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ “ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់ សម្តេចមានក្តីសោមនស្សរីករាយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការ លើកតម្កើងនូវតួនាទីដ៏មានសារៈសំខាន់របស់បង-ប្អូនឆ្មប ដែលជាអ្នកគាំពារអាយុជីវិត និងសុខភាពរបស់ស្ត្រី ជាមាតា និងទារក។

ជាមួយគ្នានេះ សម្តេចថា ឆ្មប គឺជាស្នូលដ៏សំខាន់ក្នុងការធានាបាននូវសុវត្ថិភាពមាតា និងទារក ព្រោះថា ឆ្មប គឺជាអ្នកផ្តល់នូវការ ថែទាំសំខាន់ៗក្នុងពេលពរពោះ, ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្ត្រីជាមាតា និងទារកក្រោយសម្រាល។ ទន្ទឹមនឹងនេះ វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្គ្រោះអាយុ ជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់ផ្តើមជីវិតប្រកបដោយ សេចក្តីថ្លៃថ្នូរ និងការថែទាំងយ៉ាងហ្មត់ចត់។ អនាគតរបស់យើង គឺអាស្រ័យទៅលើសុខភាពទារក និងមាតា។

សម្តេច ក៏ស្នើសុំរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល សូមបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងក្នុងការជំរុញសេវាគ្របដណ្តប់សុខភាពជាសកល។ ទន្ទឹមនឹងនេះដែរ ការវិនិយោគបន្ថែម គឺជារឿងចាំបាច់បំផុត ដើម្បីបង្កើនទាំងបរិមាណ និងគុណភាពនៃមន្ត្រីជំនាញ បុគ្គលិក សុខាភិបាល, គិលានុបដ្ឋាក និងឆ្មប ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋយើង។

ជាថ្មីម្តងទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏សូមឱ្យស្មារតីនៃទិវាឆ្មបជាតិ-អន្តរជាតិ ជួយពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការធានាថា មាតា និងទារកគ្រប់រូបនៅកម្ពុជាទទួលបាននូវការថែទាំប្រកបដោយសុវត្ថិភាព ការគោរព ការផ្តល់តម្លៃ និងការថែទាំ មានគុណភាពខ្ពស់ ព្រមទាំងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលដោះស្រាយបញ្ហាកង្វះឆ្មប ១លាននាក់ និងដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ អត្ថបទ៖ហ្សាលីន