ប្រធានរដ្ឋសភា៖ កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវរួមសហការគ្នា ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋ ឱ្យបានកាន់តែច្រើនឡើង

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានរដ្ឋសភាកម្ពុជា  សម្តេចធិបតី ឃួន សុដារី បានថ្លែងថា កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវរួមសហការគ្នា ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋ ឱ្យបានកាន់តែច្រើនឡើង។ សម្តេចថ្លែងបែបនេះក្នុងជំនួបជាមួយ លោក សនសៃ វ៉ានណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចរដ្ឋសភាកម្ពុជា លើកឡើងថា ទោះបីជាពិភពលោកបច្ចុប្បន្នមានការប្រែប្រួល ស្មុគស្មាញ និងមិនប្រាកដប្រជាក៏ដោយ ចំណងមិត្តភាពនេះ មិនត្រឹមតែឈរយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែស្អិតល្មួត មានភាពធន់ និងស៊ីជម្រៅថែមទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍រួម។ សម្តេចបន្តថា ចំណងមិត្តភាពជាប្រពៃណី និងបងប្អូន រវាងកម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយផលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនទៀត ទាំងវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ជីវភាពពលរដ្ឋទាំងសងខាង ដូចជាវិស័យទេសចរណ៍ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានលើកឡើងពីការបើកច្រករបៀងវប្បធម៌ រវាងវត្តភូ និងអង្គរវត្ត ជាដើម។

ជាការឆ្លើយតប លោក សនសៃ វ៉ានណាសៃ បានវាយតម្លៃ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះការរីកចម្រើនរបស់កម្ពុជា យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះរួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធសង្គម សំណង់អគាររដ្ឋ ឯកជន និងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ជាដើម។

លោកបានប្តេជ្ញាចិត្តក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ឱ្យសម្រេចលទ្ធផលល្អប្រសើរ បម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ៕