នាយករដ្ឋមន្រ្តីថ្មី ឯកឧត្តម ហ៊ុន ម៉ាណែត ប្តេជ្ញាបំរើជាតិមាតុភូមិ និងបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី បានចេញសារលិខិតសម្តែងថ្វាយនូវសេចក្តីអំណរព្រះគុណជាអនេកប្បការ និងដ៏ស្មោះស្ម័គ្របំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងឯកឧត្តមជានាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសារលិខិតនៅប៉ុន្មានម៉ោងក្រោយព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៧ ខែសីហានេះ ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថាគឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងជីវិតរបស់ឯកឧត្តមដោយទទួលបានឱកាសដ៏វិសេសវិសាលក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត នៅក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។

ឯកឧត្តមបណ្ឌិតថ្លែងថា៖ តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ នឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល ដើម្បីសុំការផ្តល់សេចក្តីអនុម័តទុកចិត្តពីរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដែលគ្រោងនឹងបើកសម័យប្រជុំនាពេលដ៏ខ្លីខាងមុខ ដោយអនុវត្តទៅតាមនីតិវិធីជាធរមានស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ព្រះមហាក្សត្រ និងជាមួយជំនឿទុកចិត្តពីសំណាក់ជនរួមជាតិ រួមជាមួយឥស្សរជនទាំងអស់ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមសូមប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយវីរភាព, សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាត់នូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕