រដ្ឋាភិបាលហុងគ្រី បានប្រគល់មាស និងសាច់ប្រាក់មានតម្លៃ ៨២លានដុល្លារដែលទីក្រុង Budapest បានរឹបអូសកាលពីខែមីនា ទៅឲ្យធនាគារ Oschadbank ដែលគ្រប់គ្រងដោយរដ្ឋអ៊ុយក្រែនវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសនៅថ្ងៃទី៦ ខែឧសភាថា ការប្រគល់ទ្រព្យសម្បត្តិទាំងនេះគឺជាជំហានដ៏សំខាន់មួយក្នុងការស្តារទំនាក់ទំនងជាមួយហុងគ្រីឡើងវិញ បន្ទាប់ពីការបរាជ័យរបស់នាយករដ្ឋមន្ត្រី Viktor Orban ក្នុងការបោះឆ្នោតកាលពីខែមុន។ ចលនានេះក៏បានបង្កើនក្តីសង្ឃឹមនៅក្នុងប្រទេសអ៊ុយក្រែនថា រដ្ឋាភិបាលហុងគ្រីថ្មី នឹងបន្តគោលនយោបាយប្រឈមមុខដាក់គ្នាកាន់តែតិចជាងមុន ចំពោះទីក្រុងគៀវផងដែរ។
គួររំឮកផងដែរថា កងកម្លាំងប្រឆាំងភេរវកម្មហុងគ្រី បានស្ទាក់ចាប់រថពាសដែកពីរគ្រឿងដែលជាកម្មសិទ្ធិរបស់ធនាគាររដ្ឋអ៊ុយក្រែន Oschadbank នៅថ្ងៃទី៥ ខែមីនា ខណៈដែលក្បួនរថយន្តកំពុងដឹកជញ្ជូនសាច់ប្រាក់ និងមាសពីទីក្រុងវីយែន ប្រទេសអូទ្រីស ទៅកាន់ទីក្រុងគៀវតាមផ្លូវគោក។
ក្រោយមក អាជ្ញាធរហុងគ្រីបានរឹបអូសបានសាច់ប្រាក់ចំនួន ៤០លានដុល្លារ រួមទាំងដុំមាស មានតម្លៃសរុប ៣៥លានអឺរ៉ូផ្សេងទៀត ព្រមទាំងបានឃុំខ្លួនបុគ្គលិកធនាគារ Oschad ចំនួនប្រាំពីរនាក់ ដែលកំពុងអមដំណើរក្បួនរថយន្តដោយសង្ស័យថាបានលាងលុយកខ្វក់។
ជុំវិញការការរឹបអូសទ្រព្យសម្បត្តិទាំងនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ុយក្រែន។ មន្ត្រីអ៊ុយក្រែន ចោទប្រកាន់រដ្ឋាភិបាលហុងគ្រីថាបានធ្វើសកម្មភាពខុសច្បាប់ និងកេងប្រវ័ញ្ចលើឧប្បត្តិហេតុនេះ ដោយប្រើវាជាឧបករណ៍មួយនៅក្នុងយុទ្ធនាការបោះឆ្នោតរបស់នាយករដ្ឋមន្ត្រី លោក Orban។
ជម្រាបជូនផងដែរថា ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរមានភាពតានតឹងរួចទៅហើយ ដោយសារតែជម្លោះអំពីការទទួលបានប្រេងរបស់រុស្ស៊ីជាបន្តបន្ទាប់របស់ប្រទេសហុងគ្រីតាមរយៈបំពង់បង្ហូរប្រេងដែលរត់កាត់ទឹកដីអ៊ុយក្រែន៕

