ហុងគ្រី ប្រគល់សាច់ប្រាក់ និងមាសតម្លៃជាង ៨០លានដុល្លារដែលរឹបអូសបាន ឲ្យទៅអ៊ុយក្រែនវិញ

អន្តរជាតិ

រដ្ឋាភិបាលហុងគ្រី បានប្រគល់មាស និងសាច់ប្រាក់មានតម្លៃ ៨២លានដុល្លារដែលទីក្រុង Budapest បានរឹបអូសកាលពីខែមីនា ទៅឲ្យធនាគារ Oschadbank ដែលគ្រប់គ្រងដោយរដ្ឋអ៊ុយក្រែនវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសនៅថ្ងៃទី៦ ខែឧសភាថា ការប្រគល់ទ្រព្យសម្បត្តិទាំងនេះគឺជាជំហានដ៏សំខាន់មួយក្នុងការស្តារទំនាក់ទំនងជាមួយហុងគ្រីឡើងវិញ បន្ទាប់ពីការបរាជ័យរបស់នាយករដ្ឋមន្ត្រី Viktor Orban ក្នុងការបោះឆ្នោតកាលពីខែមុន។ ចលនានេះក៏បានបង្កើនក្តីសង្ឃឹមនៅក្នុងប្រទេសអ៊ុយក្រែនថា រដ្ឋាភិបាលហុងគ្រីថ្មី នឹងបន្តគោលនយោបាយប្រឈមមុខដាក់គ្នាកាន់តែតិចជាងមុន ចំពោះទីក្រុងគៀវផងដែរ។

គួររំឮកផងដែរថា កងកម្លាំងប្រឆាំងភេរវកម្មហុងគ្រី បានស្ទាក់ចាប់រថពាសដែកពីរគ្រឿងដែលជាកម្មសិទ្ធិរបស់ធនាគាររដ្ឋអ៊ុយក្រែន Oschadbank នៅថ្ងៃទី៥ ខែមីនា ខណៈដែលក្បួនរថយន្តកំពុងដឹកជញ្ជូនសាច់ប្រាក់ និងមាសពីទីក្រុងវីយែន ប្រទេសអូទ្រីស ទៅកាន់ទីក្រុងគៀវតាមផ្លូវគោក។

ក្រោយមក អាជ្ញាធរហុងគ្រីបានរឹបអូសបានសាច់ប្រាក់ចំនួន ៤០លានដុល្លារ រួមទាំងដុំមាស មានតម្លៃសរុប ៣៥លានអឺរ៉ូផ្សេងទៀត ព្រមទាំងបានឃុំខ្លួនបុគ្គលិកធនាគារ Oschad ចំនួនប្រាំពីរនាក់ ដែលកំពុងអមដំណើរក្បួនរថយន្តដោយសង្ស័យថាបានលាងលុយកខ្វក់។

ជុំវិញការការរឹបអូសទ្រព្យសម្បត្តិទាំងនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ុយក្រែន។ មន្ត្រីអ៊ុយក្រែន ចោទប្រកាន់រដ្ឋាភិបាលហុងគ្រីថាបានធ្វើសកម្មភាពខុសច្បាប់ និងកេងប្រវ័ញ្ចលើឧប្បត្តិហេតុនេះ ដោយប្រើវាជាឧបករណ៍មួយនៅក្នុងយុទ្ធនាការបោះឆ្នោតរបស់នាយករដ្ឋមន្ត្រី លោក Orban។

ជម្រាបជូនផងដែរថា ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរមានភាពតានតឹងរួចទៅហើយ ដោយសារតែជម្លោះអំពីការទទួលបានប្រេងរបស់រុស្ស៊ីជាបន្តបន្ទាប់របស់ប្រទេសហុងគ្រីតាមរយៈបំពង់បង្ហូរប្រេងដែលរត់កាត់ទឹកដីអ៊ុយក្រែន៕​