កម្ពុជា ប្តេជ្ញាបន្តធ្វើកំណែទម្រង់នានាដើម្បីបង្កើតនូវបរិស្ថានវិនិយោគ និងធុរកិច្ចមួយដែលមានសុខភាពល្អ ដែលអាចឱ្យធុរជន និងវិនិយោគិនអាចទទួលបាន និងរីកលូតលាស់នៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងពិធីបើក “វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦” ដែលប្រព្រឹត្តទៅក្រោមមូលបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា តួអង្គសំខាន់មិនអាចខ្វះបានសម្រាប់វេទិកាវិនិយោគនាថ្ងៃនេះ គឺវិស័យឯកជន ពោលគឺធុរជន និងវិនិយោគិន ដែលរាជរដ្ឋាភិបាលតែងចាត់ទុកជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូច្នេះការគិតគូរនិងជំរុញការអភិវឌ្ឍវិស័យឯកជន តែងជាកិច្ចការអាទិភាពមួយក្នុងរបៀបវារៈអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាបន្តធ្វើកំណែទម្រង់នានា តាមរយៈការដាក់ចេញនូវច្បាប់ បទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ គោលនយោបាយ ផែនទីបង្ហាញផ្លូវ និងវិធានការនានា សំដៅធ្វើយ៉ាងណាបង្កើតនូវបរិស្ថានវិនិយោគ និងធុរកិច្ចមួយដែលមានសុខភាពល្អ ដែលអាចឱ្យធុរជន និងវិនិយោគិនអាចទទួលបាន និងរីកលូតលាស់នៅកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាល់មតិយោបល់ បញ្ហាប្រឈម និងអនុសាសន៍ដែលលើកឡើងក្នុងថ្ងៃនេះ នឹងក្លាយជាធាតុចូលដ៏មានតម្លៃមិនអាចខ្វះបាន សម្រាប់រាជរដ្ឋាភិបាលក្នុងការបន្តកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ ប្រកបដោយភាពធន់ និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ចរួមគ្នានាពេលអនាគត។

សូមជម្រាបដែរថា វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ជាវេទិកាកម្រិតខ្ពស់មួយ ត្រូវបានប្រារព្ធធ្វើឡើងក្នុងឆ្នាំដំបូង ក្រោមការឯកភាពនិងណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាន ក.អ.ក. ក្នុងគោលបំណងបញ្ជ្រាបនូវបច្ចុប្បន្នភាពកំណែទម្រង់ និងកិច្ចសម្រួលវិនិយោគនានាជូនដល់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនដែលបាននិងកំពុងធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជាស្រាប់។ មួយវិញទៀតស្របពេលដែលបរិការណ៍សកលកំពុងមានភាពមិនប្រាកដប្រជាខ្ពស់ វេទិកានេះនឹងដើរតួនាទី ជាយន្តការចែករំលែកនូវបទពិសោធ បញ្ហាប្រឈម និងអនុសាសន៍ ហើយក៏ជាយន្តការបង្កើតនូវបណ្តាញទំនាក់ទំនងធុរកិច្ច ក៏ដូចជាការស្វែងរក និងចាប់យកកាលានុវត្តភាពវិនិយោគ រួមបញ្ចូលទាំងការពង្រីកគម្រោងវិនិយោគ និងការចាប់ដៃគូវិនិយោគលើសកម្មភាពថ្មីៗ ផងដែរ៕ អត្ថបទ៖ហ្សាលីន

