ក្រុមហ៊ុនហ្វីលីពីន បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុន ចង់ចង់វិនិយោគលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជានាពេលខាងមុខនេះ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក Jude Aguilar ប្រធាសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (PCCI) ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះលោក Jude Aguilar ប្រធាសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសក្តានុពលសំខាន់ៗមួយចំនួន រួមមាន៖ វិស័យវេចខ្ចប់ និងការកែច្នៃចំណីអាហារ, វិស័យកសិ-ទេសចរណ៍, និងវិស័យអាកាសចរណ៍ ជាពិសេសការអភិវឌ្ឍតំបន់រមណីយដ្ឋាននៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ជាដើម។
លោកប្រធាន ក៏បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងបង្កើតនូវសកម្មភាពធុរកិច្ច, អាជីវកម្ម និងពាណិជ្ជកម្មប្រកបដោយថាមវ័ន្តបន្ថែមទៀត រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប, សម្ដេចធិបតី បានបញ្ជាក់អំពីសក្តានុពលរបស់ប្រទេសកម្ពុជា ក៏ដូចជាកាលានុវត្តភាពដែលប្រទេសទាំងពីរអាចចាប់យកក្នុងការតភ្ជាប់វិស័យកសិ-ទេសចរណ៍ជាមួយគ្នា តាមរយៈការតភ្ជាប់ទីផ្សារទេសចរណ៍ជាមួយគ្នា រវាងកោះសេប៊ូ និងខេត្តសៀមរាប ក៏ដូចជាខេត្តព្រះសីហនុ។ ក្នុងន័យនេះ, សម្ដេចធិបតីលើកទឹកចិត្តឱ្យកោះសេប៊ូបន្តពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀបចំឱ្យមានជើងហោះហើរត្រង់រវាងកោះសេប៊ូ និងខេត្តសៀមរាប។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីស្វែងរក កាលានុវត្តភាពថ្មីៗ ក្នុងការពង្រីកការវិនិយោគ, ធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមជម្រាប់ដែរថា តាមរយៈជំនួបខាងលើតំណាងក្រុមហ៊ុនហ្វីលីន ក៏សម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះកំណើនទ្វេដងនៃទំហំពាណិជ្ជកម្ម ហ្វីលីពីន-កម្ពុជា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦។ ក្រុមហ៊ុនហ្វីលីពីន ក៏បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦ នេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចធុរកិច្ចទៅកាន់កម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗបន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន

