ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពសហគមន៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលរាត្រី ស្ថានទូតចិនប្រចាំកម្ពុជា បានឧបត្ថម្ភអំពូលសូឡាចំនួន ១,១៥២ អំពូល ជូនដល់រដ្ឋបាលឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ។ ពិធីប្រគល់និងទទួលនេះ ធ្វើឡើងកាលព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

លោក គង់ ច័ន្ទវាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បានគូសបញ្ជាក់ថា អំណោយអំពូលសូឡានៅឆ្នាំនេះ ក៏ដូចជាកុំព្យូទ័រចំនួន ៩៥ គ្រឿងកាលពីឆ្នាំ២០២៥ កន្លងទៅ ពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ និងគាំទ្រដល់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ជាការឆ្លើយតប លោក Jiang Nan អនុប្រធានបេសកកម្មនៃស្ថានទូតចិន បានលើកឡើងពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងចិន ដែលតែងតែរួមសុខរួមទុក្ខ និងជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។
លោកបានបន្ថែមថា អំពូលសូឡាទាំងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ បង្កើនសុវត្ថិភាពក្នុងសហគមន៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់៕

