ក្រុមហ៊ុន Toyota Motor Corporation កាលពីពេលថ្មីៗនេះ បានប្រកាសថានឹងសាងសង់រោងចក្រផលិតរថយន្ត Toyota Kirloskar Motor ថ្មីមួយនៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា ដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំបានចំនួន ១០០ ០០០ គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រោងចក្រថ្មីនេះនឹងត្រូវសាងសង់នៅក្នុងតំបន់ឧស្សាហកម្ម Bidkin ក្នុងរដ្ឋ Maharashtra ហើយគ្រោងនឹងចាប់ផ្តើមផលិតកម្មនៅឆមាសទីមួយនៃឆ្នាំ២០២៩។ រោងចក្រនេះនឹងមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ១០០ ០០០ គ្រឿង ជាមួយនឹងតម្រូវការបុគ្គលិកប្រហែល ២ ៨០០ នាក់នៅពេលចាប់ផ្តើមប្រតិបត្តិការ។
យ៉ាងណាមិញ Toyota បាននិយាយថា រោងចក្រថ្មីនេះនឹងជួយក្រុមហ៊ុនពង្រឹងរចនាសម្ព័ន្ធផលិតកម្មរបស់ខ្លួន និងឆ្លើយតបទៅនឹងកំណើនតម្រូវការនាពេលអនាគត និងការផ្លាស់ប្តូរទីផ្សារនៅក្នុងប្រទេសឥណ្ឌា និងតំបន់ជុំវិញ។ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន បានបន្ថែមទៀតថា រោងចក្រនេះ ក៏នឹងផ្គត់ផ្គង់រថយន្តដល់អតិថិជននៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាទីផ្សារក្បែរៗ នោះផងដែរ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Toyota បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ៖“អាជីវកម្មរបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសឥណ្ឌាបានរីកចម្រើនជាមួយនឹងអ្នកដែលបានត្រួសត្រាយក្នុងទីផ្សារឥណ្ឌា ហើយក្រុមហ៊ុននឹងបន្តពង្រឹងរចនាសម្ព័ន្ធផលិតកម្មរបស់ខ្លួន ដើម្បីអាចឆ្លើយតបបានយ៉ាងបត់បែនចំពោះកំណើនតម្រូវការនាពេលអនាគត និងការប្រែប្រួលទីផ្សារនៅក្នុងប្រទេស និងតំបន់ជុំវិញ ព្រមទាំងផ្តល់ការផលិតផលទាន់ពេលវេលាសម្រាប់អតិថិជន”៕

