លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ»។

ក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមបង្កើត យន្តការថ្មីមួយ ដែលមានឈ្មោះថា បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។ យន្តការនេះត្រូវបានរំពឹងថា នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការសម្របសម្រួលការអនុវត្តមុខងារគាំទ្រ និងជំរុញការចូលរួមអនុវត្តការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានសង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ យន្តការថ្មីនេះ មានវិសាលភាពអនុវត្តគ្របដណ្ដប់ចំពោះ អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ របស់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ដោយឡែក មានការលើកលែងចំពោះក្រសួងការពារជាតិ។

«បណ្តាញអគ្គលេខាធិការ» នឹងដើរតួជាយន្តការយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង កិច្ចសហការ និងការសម្របសម្រួលការងាររវាងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃគ្រប់ក្រសួង ស្ថាប័ន ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងដំណើរការការងារ និងសំដៅជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ។
សូមជម្រាបជូនថា ភារកិច្ច និងតួនាទីសំខាន់ៗរបស់បណ្តាញនេះ គឺជាការចូលរួមពង្រឹងអភិបាលកិច្ចរដ្ឋបាលសាធារណៈ និងកិច្ចសហការរវាងអគ្គលេខាធិការនៅតាមក្រសួង ស្ថាប័ននីមួយៗ។ អគ្គលេខាធិការនៅតាមក្រសួង ស្ថាប័ន អាចសម្របសម្រួលទំនាក់ទំនងទៅវិញទៅមក សហការ និងពង្រឹងការអនុវត្តមុខងារគាំទ្រឱ្យបានកាន់តែរលូន ជំរុញការផ្លាស់ប្តូរ និងចែករំលែកបទពិសោធ ចំណេះដឹង ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងឧត្តមានុវត្តន៍ ដើម្បីគាំទ្រដល់ការដោះស្រាយបញ្ហា និងការរៀបចំយុទ្ធសាស្ត្រ រួមទាំងការសិក្សា និងកំណត់រាល់បញ្ហាប្រឈមដែលកើតមានឡើងក្នុងដំណើរការការងារ ដើម្បីស្វែងរកដំណោះស្រាយរួម៕


