កម្ពុជា រំពឹងថានឹងទទួលបានទេសចរកាណាដាបន្ថែមទៀតនាឆ្នាំ២០២៦នេះ

សង្គម​ និង​សេដ្ឋកិច្ច

ឆើ្លយតបនឹងកំណើនភ្ញៀវទេសចរកាណាដា កម្ពុជារំពឹងថានឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ លើចំនួនជិត ៤៥.០០០នាក់ នាឆ្នាំ២០២៥ កន្លងទៅនេះ តាមរយៈការពង្រឹងកិច្ចសហការជាមួយស្ថានទូតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ កតា្តសុខសុវត្ថភាព និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានល្អប្រសើរ ព្រឹត្តការណ៍ជំរុញទេសចរណ៍និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងារ លើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគី និងការរៀបចំព្រឹត្តការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប រវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងថាកិច្ចសហប្រតិ្តការរវាងកម្ពុជានិងកាណាដាមានភាពល្អលើគ្រប់វិស័យកន្លងមក និងការវិនិយោគធំៗ គួរជាទីមោទនៈរបស់វិនិយោគិនកាណាដានៅកម្ពុជា ដូចជាធនាគារវឌ្ឍនៈអាស៊ី ឬស្គាល់ជាទូទៅថា ABA ដែលបានសម្រេចបណ្តាក់ទុនវិនិយោគ ផ្អែកលើសក្តានុពលវិនិយោគ និងទេសចរណ៍ ក៏ដូចជាថាមវន្តនៃប្រជាជនកម្ពុជា។​ លោកក៏បានគូសបញ្ជាក់ពីជំហរគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការរៀបចំ “ភូមិហ្រ្វង់កូហ្វូន – Village Francophone” ដែលជាព្រឹត្តការណ៍អមដ៏សំខាន់ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាបផងដែរ។

ជាការឆ្លើយតប លោក ហួត ហាក់ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដា ដែលជានិច្ចជាកាលតែងតែជួយឧបត្តម្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ ស្តែងតាមរយៈ កំណើនភ្ញៀវទេសចរកាណាដាមកទស្សនាកម្ពុជាដែលចេះតែកើនឡើងមិនឈប់ឈរជារៀងរាល់ឆ្នាំ រួមទាំងការបណ្តាក់ទុនដោយផ្ទាល់របស់ធនាគារជាតិកាណាដា (National Bank of Canada) នៅកម្ពុជាដែលបានផ្តល់ភាពងាយស្រួលក្នុងការផ្តល់នូវសេវាកម្មទូទាត់ដល់ភ្ញៀវទេសចរ និងពាណិជ្ជករកាណាដាធ្វើដំណើរមកកម្សាន្តនៅកម្ពុជា។​

លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ពីការត្រៀមលក្ខណៈជាស្រេចរបស់ក្រសួងទេសចរណ៍ ស្ថាប័នមានសមត្ថកិច្ច និងវិស័យឯកជនរបស់កម្ពុជា ដើម្បីទាក់ទាញ និងឆើ្លយតបនឹងកំណើនភ្ញៀវទេសចរកាណាដា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ លើចំនួនជិត ៤៥.០០០នាក់ នាឆ្នាំ២០២៥ កន្លងទៅនេះ តាមរយៈការពង្រឹងកិច្ចសហការជាមួយស្ថានទូតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ កតា្តសុខសុវត្ថភាព និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានល្អប្រសើរ ព្រឹត្តការណ៍ជំរុញទេសចរណ៍និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច។

សូមបញ្ជាក់ថា រយៈពេល១១ខែ ឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា ដល់ដំណាច់ខែវិច្ឆិកា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស​ ចំនួន​៥,១៧លាននាក់ ធ្លាក់ចុះ​ប្រមាណ១៣,៨ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤​កន្លងទៅ​៕