វិស័យឯកជនមានក្តីសង្ឃឹមលើរាជរដ្ឋាភិបាលថ្មី ថានឹងគិតគូរទៅលើវិស័យចិញ្ចឹមសត្វនាពេលខាងមុខនេះ

សង្គម​និង​សេដ្ឋកិច្ច

ស្ថិតក្នុងកាលៈទេសៈវិស័យចិញ្ចឹមសត្វក្នុងស្រុកកំពុងរងផលប៉ះពាល់ពីទីផ្សារ ធ្វើឱ្យអ្នកចិញ្ចឹមមិនទាន់អាចរកប្រាក់ចំណេញបានអស់រយៈពេលជិត១ឆ្នំា២០២៣មកនេះ វិស័យឯកជនដែលបាននិងកំពុងប្រកបមុខរបរចិញ្ចឹមសត្វ បានដាក់ក្តីសង្ឃឹមរបស់ខ្លួនទៅលើរាជរដ្ឋាភិបាលថ្មី ថានឹងមានការគិតគូរធ្វើយ៉ាងណាវិស័យមួយនេះមានភាពល្អប្រសើរនៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា អស់រយៈពេលជិត១ឆ្នំា២០២៣មកនេះ អ្នកចិញ្ចឹមជ្រូកខាតបង់រហូត។ កាលមុនបោះឆ្នោតម្លៃជ្រូករស់នៅលើទីផ្សារថ្លៃឡើងជិត១ម៉ឺនរៀលជិតរួចខ្លួនទៅហើយ តែឥលូវនេះតម្លៃជ្រូកបានធ្លាក់ចុះមកវិញនៅក្រោម៩ពាន់រៀលក្នុង១គីឡូក្រាម ខណៈថ្លៃដើមផលិតជ្រូកអ្នកចិញ្ចឹមចំណាយប្រាក់១ម៉ឺនរៀល។

តាមលោក ស្រ៊ុន ពៅ តម្លៃជ្រូករស់បានធ្វើឱ្យអ្នកចិញ្ចឹមជ្រូកបានរងខាតបង់មានរយៈពេលជិត១ឆ្នំាហើយ ប៉ុន្តែតម្លៃចំណីមិនចុះថ្លៃសោះនៅតែថ្លៃដដែលលក់នៅលើទីផ្សារ។

លោកលើកឡើងថា តម្លៃជ្រូករស់នៅលើទីផ្សារបានធ្លាក់ចុះមកវិញ ដោយសារតម្លៃជ្រូកនៅពេលឡើងថ្លៃជិតដល់១ម៉ឺនរៀលក្នុង១គីឡូក្រាម អ្នកចិញ្ចឹមម្នាក់ៗមិនសូវបង្ខំលក់ជ្រូកចេញ តែមកដល់ឥលូវជ្រូកវាធំជ្រុលហើយបង្ខំលក់ ម្លោះហើយធ្វើឱ្យតម្លៃធ្លាក់ចុះ។បញ្ហាប្រឈមមួយផ្សេងទៀតដោយសារបញ្ហាសាច់បង្កកធ្វើឱ្យប៉ះពាល់ទីផ្សារជ្រូកក្នុងស្រុក។

លោកស្រ៊ុន ពៅ មានប្រសាសន៍ថា «ក្នុងនាមខ្ញុំជាប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ខ្ញុំមានសង្ឃឹមហើយជឿជាក់ថារាជរដ្ឋាភិបាលថ្មី នឹងប្រមើមើលឬគិតគូរមកដល់វិស័យកសិកម្ម ហើយនឹងធ្វើឱ្យយើងមានសង្ឃឹមនៅពេលខាងមុខ ព្រោះវិស័យនេះមានសារសំខាន់ វាជួយដល់ប្រជាពលរដ្ឋកុំឱ្យធ្វើការសំណាកស្រុក ជួយឱ្យពលរដ្ឋធ្វើការដំាដុះដំឡូង ពោតជាដើម ហើយនៅពេលតម្លៃសត្វនៅលើទីផ្សារកសិករអាចលក់បានថ្លៃសមរម្យ នោះនិងធ្វើឱ្យកសិករចិញ្ចឹមនៅតាមគ្រួសារមានការងារធ្វើ។ដូចនេះខ្ញុំជឿជាក់ថារាជរដ្ឋាភិបាលថ្មី នឹងគិតគូរទៅលើវិស័យកសិកម្មនេះ»។

នៅពេលកន្លងមកកម្ពុជាតែងតែលើកឡើងពីមហិច្ឆិតាចង់នំាចេញផលិតផលធ្វើសាច់សត្វទៅក្រៅប្រទេស ប៉ុន្តែនៅពេលខាងមុខតើកម្ពុជាសមត្ថភាពឬលទ្ធភាពអាចធ្វើការនាំចេញទៅទីផ្សារខាងក្រៅបានដែឬទេ ខណៈវិស័យចិញ្ចឹមសត្វក្នុងពេលសព្វថ្ងៃកំពុងរងផលប៉ះពាល់ទៅលើតម្លៃ?

លោក ស៊្រុន ពៅ ថា «ខ្ញុំជឿជាក់ទៅលើក្រសួងពាក់ព័ន្ធក៏ដូចជារាជរដ្ឋាភិបាល បើក្រសួងឬរាជរដ្ឋាភិបាលយកចិត្តទុកដាក់ គឺយើងអាចផលិតនិងនាំចេញផលិតផលធ្វើពីដើមកំណើតសាច់សត្វទៅទីផ្សារខាងក្រៅបាន។ បានន័យថាយើងអត់ខ្វះនៅធនធាននោះទេ យើងមានទីតំាងទំាងកន្លែងផលិតនិងការដំាដុះ ប៉ុន្តែកត្តាសំខាន់គឺក្រសួងពាក់ព័ន្ធឬរាជរដ្ឋាភិបាលជួយឬមិនជួយ»៕

អត្ថបទ៖សារេត