សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា សម្តេចចង់ឱ្យមានជើងហោះហើរពីសិង្ហបុរីមកកម្ពុជាកាន់តែច្រើនថែមទៀត ខណៈកម្ពុជាក៏ដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោថ្មីឆាប់ៗខាងមុខនេះផងដែរ។

ថ្លែងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី សិង្ហបុរី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីសិង្ហបុរីនៅកម្ពុជានាពេលនេះ ជាផ្នែកដ៏សំខាន់ នៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឲ្យកាន់តែល្អប្រសើររីកចម្រើនបន្ថែមទៀត។
សម្ដេចតេជោ បានលើកឡើងអំពីការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសតាមរយៈវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យទេសចរណ៍ប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ចង់ឱ្យមានជើងហោះហើរ កាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរីមកកាន់កម្ពុជា ជាពិសេសនៅពេលដែលកម្ពុជាដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោថ្មីនាពេលឆាប់ខាងមុខ។
នាឱកាសនោះ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ដោយមានការរីកចម្រើន ជាលំដាប់ ជាពិសេសនៅឆ្នាំនេះ គឺជាខួបទី ៦០ ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្លូវការវាងប្រទេសទាំងពីរ។
សូមជម្រាបថា ពាក់ព័ន្ធនឹងជើងហោះហើររវាងកម្ពុជា និងសិង្ហបុរី កាលពីខែមីនា កន្លងទៅ សម្តេចតេជោ ក៏បានប្រាប់ទៅកាន់លោកស្រី ធាវ ឡេ ឈិង ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជាផងដែរថា សម្ដេចតេជោ ចង់ឃើញកំណើនជើងហោះហើររវាងប្រទេសកម្ពុជា-សិង្ហបុរី មានការរីកចម្រើនថែមទៀត ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ស្របពេលជើងហោះហើរត្រង់រវាងកម្ពុជា-សិង្ហបុរី មានកំណើនគួរឲ្យគត់សម្គាល់ និងគួរឲ្យសាទរ។
ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាបាននិងកំពុងខិតខំជំរុញការវិនិយោគលើគ្រប់វិស័យ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័នតាមផ្លូវអាកាស ទេសចរណ៍ក៏កំពុងបោះជំហានទៅមុខលឿនផងដែរ ដោយតាមផែនការនៅ ខែកក្កដាខាងមុខនេះ កម្ពុជានឹងបើកសម្ពោធឱ្យដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F អាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោកដូចជា Airbus A380-800 , Boeing 747-800 អាចចុះចតបាន៕