ប្រធានាធិបតីកូរ៉េខាងត្បូង ចុះពីលើយន្តហោះភ្លាម ចូលរួមកិច្ចប្រជុំកំពូលអាស៊ានតែម្តង

សង្គម​និង​សេដ្ឋកិច្ច

ក្នុង​កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ​ដែល​កម្ពុជា​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ថា ​មេ​ដឹកនាំ​ប្រទេស​ភាគ​ច្រើន​ បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានីភ្នំពេញ ​​​​មុន​ការ​ប្រជុំ​​ចាប់​ផ្តើម​ជា​ច្រើន​ម៉ោង ឬ​​មក​​​មួយ​ថ្ងៃ​ពីរ​​ថ្ងៃមុន ​​ប៉ុន្តែ​សម្រាប់​ប្រធានា​ធិបតីកូរ៉េខាងត្បូង​វិញ ​​បាន​ចុះ​ពី​លើ​យន្ត​ហោះ​ភ្លាម ​​គឺ​ធ្វើ​ដំណើរ​ឆ្ពោះ​​ទៅ​សណ្ឋាគារ​ សុខា ភ្នំពេញ ​​​​តែ​ម្តង ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-កូរ៉េ ​លើកទី២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយុល (Yoon Suk-yeol) និង​ជំទាវទី ១ ​បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ​នៅ​វេលា​ម៉ោង​ ០១៖១០​នាទី​រសៀល ​ដោយ​ប្រើប្រាស់រថយន្ត​ក្នុង​ក្បួនដំណើរសុទ្ធតែ​សេរី​ទំនើប ហើយ​ក្នុង​ចំណោម​នោះ​ លោក​បាន​​ប្រើ​​រថយន្ត​ Cadillac Escalade ​ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​សណ្ឋាគារ​ សុខា ភ្នំពេញ ​​​តែ​ម្តង និង​បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ លើក​ទី​២៣ (23rd ASEAN – Republic of Korea Summit) នៅ​វេលាម៉ោង ៣:២០​នាទី។

គួរ​បញ្ជាក់​ថា ​​​តាម​​កម្មវិធី​​គ្រោង​ទុក បន្ទាប់ពី​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-កូរ៉េ លើក​ទី​២៣ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​មួយ​ចំនួន​ ​លោក​ប្រធា​នាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយុល ​និង​លោក​ជំទាវ​ទី​១ ​​នឹង​​​​ត្រូវ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​វិញ ​នៅ​រសៀល​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២នេះ៕