អ្នកឧកញ៉ា វិញ ហួរ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ

សមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ា វិញ ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា រួមមាន៖ អ្នកឧកញ៉ា វិញ ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា ទី ពិសិដ្ឋ, អ្នកឧកញ៉ា ទី គឹមស្រ៊ាន និងឧកញ៉ា កង លាប។

បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស បានឱ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចបវរធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹងមូលបទនៃកិច្ចប្រជុំកំពូល «ការអនុវត្ត ពហុភាគីនិយម ការធានានូវសន្តិសុខតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចបវរធិបតី នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏នឹងរំពឹងជួបជាមួយថ្នាក់ដឹកនាំបរទេសមួយចំនួន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ៕