សម្តេចធិបតី អបអរសាទរប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ី

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី៣០​ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរ ប្រាសាទអង្គរវត្ត កម្ពុជាដែលបានជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Tripadvisor បានឱ្យដឹងថា ប្រាសាទអង្គរវត្ត កម្ពុជាដែលបានជាប់ចំណាត់ថ្នាក់កំពូលលេខ១ ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៥នេះ។

សូមជម្រាបជូនថា ប្រាសាទអង្គរវត្ត គឺជាកំពូលស្ថាបត្យកម្មរបស់ខ្មែរនៅសម័យមហានគរ ដែលរំលេចឲ្យឃើញនូវភាពរុងរឿងថ្កុំថ្កើងសម្បូរសប្បាយ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរនៅរាជសម័យកាលនោះ។ ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើង នៅដើមសតវត្សរ៍ទី១២ ដោយមហាក្សត្រខ្មែរ ព្រះបាទសូរ្យវរ្ម័នទី២ និងមានព្រះមហាក្សត្រខ្មែរជាច្រើនអង្គទៀត បានជួយស្ថាបនារហូចសម្រេចជាស្ថាពរ រួមមានព្រះបាទជ័យវរ្ម័នទី៧ ជាដើម។

ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូប និងជារូបភាពតំណាងប្រទេសកម្ពុជា ហើយក៏ជាប្រាសាទមួយ បាន​រួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននៅលើពិភពលោកឱ្យមកទស្សនាប្រទេសកម្ពុជាផងដែរ។ ប្រាសាទអង្គរវត្ត ត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ ១៩៩២។

របាយការណ៍គ្រឹះស្ថានអង្គរ បានឱ្យដឹងដែរថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ​ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូលប្រមាណ ២៨ ៦៤៣ ៤០៧ ដុល្លារ ​​ពីមានភ្ញៀវទេសចរបរទេសជាង ៦១ម៉ឺននាក់ មានការកើនឡើង៥.៣៩%៕