កម្ពុជា-សហរដ្ឋអាម៉េរិក បានសម្រេចឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាម៉េរិក និងកម្ពុជាលើពន្ធបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខផងដែរ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមការងារចំពោះកិច្ច បានជួបប្រជុំ តាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
សូមរម្លឹកថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក បានដាក់ពន្ធលើប្រទេសនានាជាង២០០ប្រទេស នៅលើពិភពលោក។ ជាមួយគ្នានេះ អាមេរិកបានកំណត់យកពន្ធពីកម្ពុជាចំនួន ៤៩ភាគរយ ប៉ុន្តែពន្ធនេះអនុវត្តជាបណ្តោះអាសន្នត្រឹមតែ ១០ភាគប៉ុណ្ណោះ ក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ តទៅ។ ការដាក់ពន្ធរបស់អាមេរិក ធ្វើឡើងក្រោមហេតុផលថា អតុល្យភាពទំហំពាណិជ្ជកម្ម ដោយប្រទេសទាំងនោះនាំចូលទៅអាមេរិកច្រើនជាងអាមេរិកនាំចេញត្រឡប់ទៅវិញ។
យ៉ាងណាមិញ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តធ្វើកិច្ចការងារនេះ ដោយយកចិត្តទុកដាក់បំផុត៕អត្ថបទ៖ហ្សាលីន
