CPS ស្រាវជ្រាវឃើញដំដំណាំ២០មុខ មានភាពប្រកួតប្រជែងខ្ពស់សម្រាប់ការដាំដុះនៅក្នុងខេត្តពោធិ៍សាត់

សង្គម​ និង​សេដ្ឋកិច្ច

«ដំណាំ២០មុខ» ត្រូវបានរកឃើញថាមានឧត្តមភាពប្រកួតប្រជែងខ្ពស់សម្រាប់ការដាំដុះនៅក្នុងខេត្តពោធិ៍សាត់ បើផ្អែកតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវលើប្រភេទមុខដំណាំដែលសមស្របក្នុងការដាំដុះទៅតាមលក្ខខណ្ឌកេ្សត្រអាកាសធាតុ ដោយមជ្ឈមណ្ឌលសិក្សាគោលនយោបាយ(CPS)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ កាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានបញ្ជាកបន្ថែមថា បទបង្ហាញតម្រង់ទិសដ៏មានសារៈសំខាន់មួយនេះ ជុំវិញលទ្ធផលខាងលើ ត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៃCPS នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥របស់មន្ទីរកសិកម្មខេត្តពោធិ៍សាត់។

សូមជម្រាប់ មជ្ឈមណ្ឌលសិក្សាគោលនយោបាយ(CPS) បានបញ្ជាក់ថា ក្រៅពីស្រូវ ដែលជាដំណាំដាំដុះច្រើនជាងគេនៅតាមតំបន់ទំនាបនៃខេត្ត នៅមានដំណាំជាច្រើនប្រភេទនៅក្នុងតំបន់អូសោមនៃស្រុកវាលវែង និងផ្នែកខ្លះទៀតនៃស្រុកភ្នំក្រវ៉ាញ ដែលមានសក្តានុពលខ្ពស់នៅក្នុងការប្រកួតប្រជែង មានតម្លៃបន្ថែមច្រើន និងអាចមានលទ្ធភាពចាប់យកម៉ាកសញ្ញាភូមិសាស្ត្របាន។

CPS ក្នុងនោះដំណាំរយៈពេលខ្លីមានដូចជាស្ពៃក្តោប ខ្ញី រមៀត រំដេង ត្រាវ និងដំណាំរយៈពេលវែងមានដូចជាទុរេន ក្រូចពោធិ៍សាត់ ផ្លែប័រ ក្រូចថ្លុង ចេកពងមាន់ ផាសិន ជាដើម។ ដំណាំសក្តានុពលខ្លះទៀតក៏ស្ថិតក្នុងបញ្ជីនេះដែរ ទោះបីជាមានចំនួនដាំដុះតិចតួចនៅឡើយក៏ដោយ ដូចជាម្រេច កាហ្វេ មង្ឃុត ក្រវ៉ាញ គូលែន។

ក្រសួងកសិកម្ម សង្ឃឹមថា ជាមួយនឹងទិន្នផលបែបវិទ្យាសាស្ត្រដែលកើតចេញពីការស្រាវជ្រាវច្បាស់លាស់កាន់តែច្រើន យើងនឹងអាចឈានទៅដល់ការរៀបចំផែនការគោលសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្តពោធិ៍សាត់នាពេលខាងមុខ៕ អត្ថបទ៖ ហ្សាលីន