ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍នឹងដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ទៅក្នុងដំណើរទេស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិន ដោយក្នុងនោះក៏រួមមានមហាសដ្ឋី Elon Musk , Tim Cook និងនាយកប្រតិបត្តិកំពូលៗផ្សេងទៀតផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។

យោងតាមសេតវិមាន បានប្រកាសនៅថ្ងៃទី១១ ខែឧសភា អំពីបញ្ជីឈ្មោះនាយកប្រតិបត្តិដែលនឹងត្រូវចូលរួមអមដំណើរប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ចាប់ពីថ្ងៃទី១៣-១៤ ខែឧសភា។
ហើយនៅក្នុងបញ្ជីឈ្មោះនោះផងដែរ គេឃើញមានលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Larry Fink នាយកប្រតិបត្តិក្រុមហ៊ុន BlackRock លោក Kelly Ortberg នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោកស្រី Dina Powell McCormick នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Ryan McInerney នាយកប្រតិបត្តិក្រុមហ៊ុន Visa និងថ្នាក់ដឹកនាំអាជីវកម្មអាមេរិកកំពូលៗមួយចំនួនទៀត។
យ៉ាងណាមិញ គណៈប្រតិភូទាំងនេះ គឺតំណាងឱ្យវិស័យសំខាន់ៗដូចជា អាកាសចរណ៍ បច្ចេកវិទ្យា ធនាគារ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពេលមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ត្រាំ ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគ្រប់គ្រងលំហូរទំនិញរសើប រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។
គួរជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ត្រាំ ដើមឡើយត្រូវបានគ្រោងទុក ធ្វើឡើងនៅក្នុងខែមីនា ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែជម្លោះអ៊ីរ៉ង់។ យោងតាមលោកស្រី Anna Kelly អនុលេខាធិការសារព័ត៌មានសេតវិមាន បានបង្ហាញឲ្យដឹងទៀតថា ពិធីស្វាគមន៍ជាផ្លូវការ និងកិច្ចពិភាក្សារវាងលោក ត្រាំ និងលោកស៊ី នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែឧសភា បន្ទាប់មកគឺដំណើរទស្សនកិច្ចទៅកាន់ប្រាសាទឋានសួគ៌ (Temple of Heaven) នៅពេលរសៀល និងពិធីជប់លៀង នៅពេលល្ងាច៕

