នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ថ្នាក់ដឹកនាំក្រសួង តំណាងសហគមន៍កសិកម្មទំនើប និងតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការគាំទ្រការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចពិភាក្សានេះ ក៏បានផ្តោតជាសំខាន់លើការជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិកម្មរវាងសហគមន៍កសិកម្មទំនើប ភាគីអ្នកទិញ និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាការផ្តោតលើការជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិកម្មរវាងសហគមន៍កសិកម្មទំនើប អ្នកទិញ និងគ្រប់តួអង្គពាក់ព័ន្ធ តាមរយៈយន្តការសម្របសម្រួលដូចជា ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធានាគុណភាព និងការរៀបចំផលិតកម្មតាមកិច្ចសន្យាដើម្បីធានាទំនុកចិត្តនិងស្ថិរភាពតម្លៃ។
គួរឱ្យដឹងថា ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះវិបត្តិសកល ការតភ្ជាប់ខ្សែច្រវាក់តម្លៃជាកញ្ចប់បែបនេះ គឺផ្ដល់ភាពច្បាស់លាស់និងប្រាកដប្រជាសម្រាប់ការផលិតរបស់ប្រជាកសិករ និងការកែច្នៃរបស់វិស័យឯកជន សំដៅលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងសន្តិសុខស្បៀងជាតិប្រកបដោយចីរភាព៕






