ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ ថ្ងៃទី១នេះ បានចាប់ផ្តើម ហើយ ដែលបេក្ខជនបានកំពុងនឹងចាប់ផ្តើមការប្រឡងរបស់ខ្លួនរយ:ពេលពេញ ២ ថ្ងៃ គឺថ្ងៃ២៨ និង២៩ ខែសីហា ឆ្នាំ២០២៥។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ក៏សូមជូនពរឱ្យក្មួយបេក្ខជនទាំងអស់ ទទួលបានលទ្ធផលវិជ្ជមាន ជាមួយនឹងសមត្ថភាពពិត “អ្នកចេះគឺជាប់” និងការត្រៀមលក្ខណ:យ៉ាងសកម្មនៃការសិក្សាពេញមួយឆ្នាំកន្លងមក បូករួមនឹងការចាប់ផ្តើមពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងនាពេលនេះ។

ទន្ទឹមគ្នានេះដែរ សម្តេចធិបតី ក៏បានជូនពរដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ក្រុមការងារនៃគណ:កម្មាធិការរៀបចំការប្រឡង, អាជ្ញាធររាជធានី-ខេត្ត និងគ្រប់លំដាប់ថ្នាក់, អ្នកសង្កេតការណ៍ប្រឡង និងអ្នកស្ម័គ្រចិត្តទាំងអស់ សូមប្រកបដោយភាពជោគជ័យ និងសម្រេចភារកិច្ចជូនជាតិរបស់យើង ក្នុងការរៀបចំការប្រឡងនេះ ដើម្បីទទួលបានធនធានបន្តវេនយ៉ាងមុតស្រួចសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងផលប្រយោជន៍ថ្មីៗបន្ថែមទៀត។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ មណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ៕











