រដ្ឋបានចំណាយថវិកាជាង ១៤០០លានដុល្លារ ដើម្បីជួយអន្តរាគមន៍លើកម្មវិធីជំនួយសង្គមចំនួន៥

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅនាព្រឹកថ្ងៃ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញកញ្ចប់ជាតិជាង ១៤០០លានដុល្លារ ដើម្បីជួយអន្តរាគមន៍លើកម្មវិធីជំនួយសង្គមចំនួន៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោករដ្ឋមន្ត្រី ជា សុមេធី បានឱ្យដឹងថា កំលុងពេលកម្ពុជាជួបនូវវិបត្តិនានានេះ រាជរដ្ឋាភិបាលបានបញ្ចេញ​កញ្ចប់ថវិកា​សរុបជាង ១៤០០លានដុល្លារលើកម្មវិធីជំនួយសង្គមចំនួន៥។ កម្មវិធីជួយសង្គមទាំង​៥នោះ​រួមមាន៖

១៖ កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយបានផ្តល់សេវាជូនអ្នក ទទួលផលសរុបចំនួនជាង ៣៦ម៉ឺននាក់ ចំណាយថវិកា ៣២លានដុល្លារ។ កម្មវិធីនេះ ជាកម្មវិធី​អចិន្ត្រៃយ៍​។

២៖ កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ​-១៩ ដោយអនុវត្តបាន ចំនួន ៤២លើក គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ និងបានបើកផ្ដល់ដល់​គ្រួសារក្រីក្រក្នុងវង្វង់ ៧១ម៉ឺនគ្រួសារ ដោយចំណាយថវិកាអស់ប្រមាណជាង ១,៣០៦លានដុល្លារ។

៣៖ ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជា​ពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ ២០២១» ដែល បានអនុវត្តពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ និងបានបិទបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២១ និងបានបើក​ផ្ដល់​ដល់អ្នកទទួលផលចំនួន ១២៩,៦៦៦គ្រួសារ ដោយចំណាយថវិកាចំនួន ៦.៦៨លានដុល្លារ។

៤៖ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធរពីគ្រោះ​ទឹក​ជំនន់ ដែលបានអនុវត្តនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ហើយបិទបញ្ចប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបើកផ្ដល់ដល់អ្នកទទួលផលសរុបចំនួន ៩៩,១៦៩គ្រួសារ ដោយចំណាយថវិកាសរុប ១១.៧០លានដុល្លារ។

៥៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាដែល បាន​ចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន ៤៩៥,៣០៧គ្រួសារ ដោយចំណាយថវិកាចំនួន ៤៤លានដុល្លារ។

គួរបញ្ជាក់ដែរថា ក្រសួងសង្គមកិច្ច បច្ចុប្បន្នកំពុងដើរតួនាទីដ៏សំខាន់អនុវត្ត «កម្មវិធី​ជាតិ​ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «កម្មវិធី​កិច្ច​គាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែល​ប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់ប្រយោជន៍ដល់គ្រួសារមានបណ្ណសមធម៌​ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៦៧៤,៥ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លារក្នុងឆ្នាំ២០២៤។នេះបើតាមលោករដ្ឋមន្រ្តី ជា សុមេធី បានសង្កត់ធ្ងន់បន្ថែម៕អត្ថបទ៖ រង្សី