សហរដ្ឋអាមេរិក អាចនឹងជំរុញឲ្យប្រទេសចិនទិញប្រេង និងឧស្ម័នបន្ថែមទៀត នៅពេលដែលមេដឹកនាំនៃប្រទេសទាំងពីរជួបគ្នា នៅក្នុងកិច្ចប្រជុំកំពូលដ៏ធំមួយ ក្នុងអំឡុងសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Strait Times។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងទៅបំពេញទស្សនកិច្ចក្នុងប្រទេសចិន នៅថ្ងៃទី ១៤-១៥ ខែឧសភា។ នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសនេះ ក្នុងអាណត្តិទីពីររបស់លោក ខណៈភាគីទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហាជាច្រើន ចាប់ពីពាណិជ្ជកម្ម បច្ចេកវិទ្យា និងរ៉ែយុទ្ធសាស្ត្រ រហូតដល់ជម្លោះនៅមជ្ឈិមបូព៌ា។
យ៉ាងណាមិញ យោងតាមមន្ត្រីសហរដ្ឋអាមេរិក ក៏បាននិយាយផងដែរថា ភាគីទាំងពីរកំពុងពិចារណាលើកិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនលក់ថាមពលបន្ថែមទៀតទៅឱ្យទីក្រុងប៉េកាំង។ ប្រធានាធិបតី លោក ត្រាំ ត្រូវបានគេរំពឹងថានឹងជំរុញឱ្យប្រទេសចិនប្តេជ្ញាទិញប្រេង និងឧស្ម័នបន្ថែមទៀតពីសហរដ្ឋអាមេរិក ដែលជាប្រទេសផលិតប្រេង និងឧស្ម័នធម្មជាតិធំជាងគេបំផុតរបស់ពិភពលោក។
កាលពីឆ្នាំមុន ពន្ធនាំចូលដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន លើទីក្រុងប៉េកាំងស្ទើរតែបានបញ្ឈប់លំហូរប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) របស់សហរដ្ឋអាមេរិកចូលទៅក្នុងប្រទេសចិនទាំស្រុង។
អ្នកវិភាគជឿជាក់ថា ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់សហរដ្ឋអាមេរិករបស់ប្រទេសចិន មានទំនោរប្រែប្រួលអាស្រ័យលើស្ថានភាពនយោបាយ។ ដូច្នេះ ទំនាក់ទំនងទ្វេភាគីដែលប្រសើរឡើង អាចជាការបើកឱកាសសម្រាប់ទំនិញនេះឡើងវិញ។
គួរជម្រាបជូនផងដែរថា នៅឆ្នាំ២០២១ បន្ទាប់ពីភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ សហរដ្ឋអាមេរិក បាននាំចេញឧស្ម័នធម្មជាតិរាវជិត ៩ លានតោនទៅកាន់ប្រទេសចិន ដោយបានក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នធំទីបីរបស់ប្រទេសនៅអាស៊ីមួយនេះ ពោលគឺតាមពីក្រោយតែប្រទេសកាតាបន្តិច ដែលឈរនៅលំដាប់ទីពីរ។ នៅឆ្នាំ២០២៤ តួលេខនេះបានធ្លាក់ចុះមកត្រឹម ៤,១៥ លានតោន ហើយបានថយចុះបន្ថែមទៀតមកត្រឹម ២៦,០០០ តោននៅឆ្នាំ២០២៥ បន្ទាប់ពីប្រទេសចិន បានដាក់ពន្ធសងសឹក ២៥% លើឧស្ម័នធម្មជាតិរាវរបស់សហរដ្ឋអាមេរិក៕

