ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា បានប្រកាសជាសាធារណៈនូវជំហរដ៏ម៉ឺងម៉ាត់ ក្នុងការគាំទ្រ «ច្បាប់ស្តីពីកាតព្វកិច្ចយោធា»។ ដោយឯកឧត្តម សួស យ៉ារ៉ា បានប្រកាសបញ្ជូនកូនប្រុស ឱ្យចូលអនុវត្តកាតព្វកិច្ចយោធាមុនគេ ដើម្បីបង្ហាញពីតម្លាភាពនៃច្បាប់។

តាមរយៈវីដេអូខ្លី ចេញផ្សាយដោយរដ្ឋសភាកម្ពុជា ឯកឧត្តម សួស យ៉ារ៉ា បានអះអាងច្បាស់ៗថា នឹងបញ្ជូនកូនប្រុសរបស់ខ្លួន ឱ្យទៅទទួលការហ្វឹកហ្វឺនយោធា ដើម្បីលុបបំបាត់មន្ទិលសង្ស័យ និងបង្ហាញពីតម្លាភាពក្នុងការអនុវត្តច្បាប់រវាងកូនអ្នកមាន កូនអ្នកធំ និងកូនប្រជាពលរដ្ឋទូទៅ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «ច្បាប់កាតព្វកិច្ចយោធានេះ មិនមែនជាការចាប់បង្ខំនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចសម្រាប់ពលរដ្ឋគ្រប់រូប ដែលបណ្ដាប្រទេសនានានៅលើសកលលោកបាននិងកំពុងអនុវត្ត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ»។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ។សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ មុននឹងបញ្ជូនមកកាន់សភា។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិផងដែរ៕


