សម្តេចធិបតី បញ្ជាឱ្យសង់ស្តូប និងឆ្លាក់រូបសង្រ្គាមឈ្លានពានរបស់ថៃ ដើម្បីទុកជាប្រវត្ថិសាស្រ្តខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរៀបចំឆ្លាក់រូបព្រឹត្តិការណ៍សង្រ្គាមឆ្នាំ២០២៥ ដោយផ្តោតលើទិដ្ឋភាពចំនួន៣ សំខាន់ ដើម្បីទុកជាប្រវត្ថិសាស្រ្តកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី១៥ ឧសភា ២០២៦។

នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាឱ្យក្រុមការងាររៀបចំឆ្លាក់ទិដ្ឋភាពសំខាន់ៗចំនួនបីនៅវិមានឈ្នះឈ្នះ បណ្ដាលមកពីការឈ្លានពានរបស់ថៃមកលើកម្ពុជា ក្នុងនោះទី១ ឆ្លាក់អំពីការឈឺចាប់នៃសង្គ្រាមឈ្លានពាន ដូចជារូបជនភៀសសឹកជាដើម, ទី២ ទិដ្ឋភាពនៃវីរភាពរបស់វីរកងទ័ព វីរនគរបាល និងទី៣ ទិដ្ឋភាពនៃកម្លាំងសាមគ្គីភាពនៃមហាគ្រួសារខ្មែរទូទាំងពិភពលោក ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ដរបស់កម្ពុជា។

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាឱ្យសាងសង់ស្ដូបរម្លឹកដល់វីរយុទ្ធជនដែលបានពលី ច្បាំងការពារទឹកដីក្នុងពេលថៃឈ្លានពាន ដើម្បីរម្លឹកជាប្រចាំដល់ដល់កូនចៅជំនាន់ក្រោយ។ទន្ទឹមគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាឱ្យសិក្សារៀបចំមេដាយពិសេសសម្រាប់ជូនដល់វីរកងទ័ពវីរនគរបាល ដែលបានចូលរួមក្នុងប្រតិបត្តិការការពារទឹកដីពីថៃឈ្លានពានក្នុងឆ្នាំ២០២៥ផងដែរ៕ អត្ថបទ៖ហ្សាលីន