ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមរបស់ចិន កំពុងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេឃើញមានវត្តមានរបស់កូនប្រុសមហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk នៅក្នុងសាលប្រជុំ Great Hall of People ក្នុងអំឡុងពេលដំណើរទស្សនកិច្ចអមប្រធានាធិបតី លោក ដូណាល់ ត្រាំ មកកាន់ប្រទេសចិន។

ក្មេងប្រុសវ័យ ៦ឆ្នាំ ដែលត្រូវបានគេស្គាល់ឈ្មោះថា X Æ A-Xii បានរត់កាន់ដៃឪពុករបស់គេ ចូលទៅក្នុងសាលប្រជុំ ជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណីចិន ដោយកាន់កាបូបមានរូបក្បាលខ្លាមួយផងដែរ។
វីដេអូរបស់ X ដែលបានអមដំណើរឪពុករបស់គេ ទៅកាន់កិច្ចប្រជុំរវាងមេដឹកនាំអាជីវកម្មអាមេរិក និងនាយករដ្ឋមន្ត្រីចិន នៅសាលប្រជុំប្រជាជន នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះកំពុងទាក់ទាញការមើលរាប់លានដង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
គួរឲ្យដឹងថា X កើតនៅឆ្នាំ២០២០ គឺជាកូនប្រុសរបស់មហាសេដ្ឋី Elon Musk និងវិចិត្រករសញ្ជាតិកាណាដា Grimes។ ក្មេងប្រុសម្នាក់នេះ តែងតែត្រូវបានឪពុករបស់គេ នាំទៅចូលរួមព្រឹត្តិការណ៍សំខាន់ៗរបស់រដ្ឋាភិបាលអាមេរិក ដូចជាពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងខែមករា ឆ្នាំ២០២៥ ផងដែរ។
យ៉ាងណាមិញ នៅល្ងាចថ្ងៃទី១៤ ខែឧសភា លោក Musk បានពន្យល់ពីមូលហេតុនៃការនាំកូនប្រុសរបស់ខ្លួន ទៅជាមួយក្នុងដំណើរ ទៅកាន់ប្រទេសចិននេះថា X កំពុងតែរៀនភាសាចិន។
គួរជម្រាបជូនថា លោក Elon Musk គឺជាមេដឹកនាំអាជីវកម្មម្នាក់ក្នុងចំណោមមេដឹកនាំអាជីវកម្ម ១៧ នាក់ផ្សេងទៀត ដែលអមដំណើរ លោក ត្រាំ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន។ យោងតាមលោក Arthur Kroeber ប្រធានផ្នែកស្រាវជ្រាវនៅ Gavekal Dragonomics បានបង្ហាញថា ក្នុងដំណើរនេះ លោក Musk កំពុងស្វែងរកអាជ្ញាប័ណ្ណដើម្បីលក់រថយន្តតាក់ស៊ីបើកបរដោយខ្លួនឯងនៅក្នុងប្រទេសចិន និងដើម្បីបង្កើនការលក់មនុស្សយន្តបញ្ញាសិប្បនិម្មិត នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ៕

