អារ៉ាប់រួម លើកឡើងពីមូលហេតុច្បាស់ៗ ជុំវិញការចាកចេញពីអង្គការប្រេង OPEC

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប់រួម លោក Suhail Mohamed Al Mazrouei បានបញ្ជាក់ថាការចាកចេញរបស់ប្រទេសនេះ ពីអង្គការនាំចេញប្រេងពិភពលោក OPEC និង OPEC+ គឺផ្អែកលើការពិចារណាផ្នែកសេដ្ឋកិច្ច មិនមែនដោយសារតែជម្លោះនយោបាយនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អារ៉ាប់រូម បានសម្រេចចិត្តចាកចេញពីអង្គការប្រទេសនាំប្រេងដ៏ធំបំផុត OPEC កាលពីដើមខែឧសភាកន្លងទៅ​ ខណៈពួកគេជាសមាជិករបស់អង្គការនេះ ចាប់តាំងពីឆ្នាំ១៩៦៧ មក។ កន្លងមក អ្នកវិភាគជឿថា មូលហេតុនៃការចាកចេញរបស់អារ៉ាប់រួមពី OPEC គឺដោយសារតែភាពខុសគ្នានៃទស្សនៈជាមួយសម្ព័ន្ធភាពប្រេង ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយជាមួយប្រទេសជាសមាជិក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១៦ ខែឧសភា រដ្ឋមន្ត្រីថាមពលអារ៉ាប់រួម លោក Al Mazrouei បានសរសេរនៅលើបណ្តាញសង្គមថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃយ៉ាងទូលំទូលាយអំពីគោលនយោបាយផលិតកម្មរបស់ប្រទេស និងសមត្ថភាពនាពេលអនាគត។

លោក Al Mazrouei បានអះអាងទៀតថា ការសម្រេចចិត្តនេះគឺផ្អែកទាំងស្រុងលើផលប្រយោជន៍ជាតិរបស់អារ៉ាប់រួម ការទទួលខុសត្រូវរបស់ខ្លួនជាអ្នកផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបាន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាស្ថិរភាពទីផ្សារ។ ហើយនេះ គឺមិនផ្អែកលើការពិចារណាផ្នែកនយោបាយទេ ដោយវាក៏មិនឆ្លុះបញ្ចាំងជម្លោះណាមួយរវាងអារ៉ាប់រួម និងដៃគូរបស់ខ្លួនផងដែរ។

គួរជម្រាបជូនថា នៅមុនពេលមានជម្លោះនៅមជ្ឈិមបូព៌ា អារ៉ាប់រួមបានផលិតប្រេងជាង ៣ លានបារ៉ែលក្នុងមួយថ្ងៃ ដោយសម្រេចបាននូវគោលដៅរបស់អង្គការ OPEC+ ។ តែទោះជាយ៉ាងណាក៏ដោយ ជម្លោះជាបន្តបន្ទាប់បានកាត់បន្ថយការផលិតរបស់ប្រទេសនេះ មកនៅត្រឹម ១,៨-២,១ លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ។ អារ៉ាប់រួមមានគោលបំណងផលិតឲ្យបាន ៤,៩លានបារ៉ែលនៅឆ្នាំក្រោយ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក៕​