មេដឹកនាំកំពូលរបស់តៃវ៉ាន់ លោក Lai Ching-te កំពុងជំរុញឲ្យសហរដ្ឋអាមេរិក បន្តលក់អាវុធមកឲ្យកោះនេះ បន្ទាប់ពីប្រធានាធីបតី លោក ដូណាល់ ត្រាំ បានប្រកាសថាលោកនៅមិនទាន់បានអនុម័តកិច្ចព្រមព្រៀងសព្វាវុធតម្លៃ ១៤ពាន់លានដុល្លារ មកឲ្យតៃវ៉ាន់នៅឡើយទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

លោក Lai បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៧ ខែឧសភាថា កិច្ចព្រមព្រៀងអាវុធ និងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់សម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញដោយមេដឹកនាំតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ត្រាំ ក្នុងបទសម្ភាសន៍មួយនៅថ្ងៃទី១៥ ខែឧសភា បាននិយាយថា ការពន្យារពេលលក់អាវុធតម្លៃ ១៤ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់ គឺល្បិចនៃការចរចា ចំពេលលោកមានដំណើរទស្សនកិច្ចនៅប្រទេសចិន។ មេដឹកនាំសេតវិមានរូបនេះ ក៏បាននិយាយផងដែរថា តៃវ៉ាន់មិនគួរប្រកាសឯករាជ្យនោះទេ ហើយគួរតែរក្សាស្ថានភាពដើម។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ លោក Lai បានលើកឡើងទៀតថា ប្រទេសចិន មិនដែលបោះបង់ចោលចេតនារបស់ពួកគេ ក្នុងការដាក់បញ្ចូលតៃវ៉ាន់ ដោយប្រើកងកម្លាំងយោធារបស់ពួកគេឡើយ។ ទង្វើនេះ អាចមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងសេដ្ឋកិច្ចពិភពលោកទាំងមូល។
គួរជម្រាបជូនផងដែរថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា លោក ត្រាំ និយាយថា លោកបានពិភាក្សាអំពីបញ្ហាលម្អិតខ្លាំងណាស់ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទាក់ទងនឹងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់៕

