កម្ពុជា-UNIDO ចាប់ដៃគ្នាធ្វើទំនើបកម្មមន្ទីរពិសោធន៍ជាតិ ដើម្បីលើកកម្ពស់ស្តង់ដារកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

វិស័យកសិកម្មកម្ពុជាកំពុងបោះជំហានទៅរករបត់ថ្មីមួយទៀត ក្នុងការពង្រឹងគុណភាព និងសុវត្ថិភាពផលិតផល តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកទ្វារស្វាគមន៍ និងពិភាក្សាការងារយ៉ាងស៊ីជម្រៅជាមួយក្រុមការងារនៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះ បានផ្តោតជាសំខាន់លើការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា និងអង្គការ UNIDO ក្នុងបេសកកម្មរួមគ្នាដើម្បីគាំទ្រ និងអភិវឌ្ឍ «មន្ទីរពិសោធន៍ជាតិកសិកម្ម»។ គម្រោងជាយុទ្ធសាស្ត្រនេះ ត្រូវបានធ្វើឡើងក្រោមជំនួយឧបត្ថម្ភនៃកម្មវិធី «ភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់មន្ទីរពិសោធន៍ជាតិកសិកម្ម» (EU-Cam NAL)។

គួរបញ្ជាក់ថា គម្រោង EU-Cam NAL នេះ គឺដើម្បីធ្វើការកែទម្រង់ និងពង្រឹងសមត្ថភាពបច្ចេកទេស ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមន្ទីរពិសោធន៍ជាតិឱ្យកាន់តែមានភាពទំនើបស្របតាមស្តង់ដារសកល។ ជំហានដ៏មានសារៈសំខាន់នេះ នឹងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពវិស័យកសិកម្មកម្ពុជា ធានាបាននូវទំនុកចិត្តខ្ពស់សម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក និងបើកផ្លូវកាន់តែទូលាយសម្រាប់ការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។