ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ដំបូងឡើយសហរដ្ឋអាមេរិកគ្រោងនឹងបើការវាយប្រហារលើអ៊ីរ៉ង់ នៅថ្ងៃទី១៩ ខែឧសភា ប៉ុន្តែបានសម្រេចពន្យារពេលផែនការនេះវិញដោយសារតែសំណើពីរដ្ឋឈូងសមុទ្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៨ ឧសភាលោក ត្រាំ បាននិយាយថា លោកនឹងពន្យារពេលការវាយប្រហារតាមផែនការលើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលត្រូវបានគ្រោងទុកសម្រាប់ថ្ងៃទី១៩ ខែឧសភា។
យ៉ាងណាមិញយោងតាមប្រធានាធីបតីអាមេរិករូបនេះ បានបញ្ជាក់ថាចំពោះការពន្យារផែនការវាយប្រហារ គឺដោយសារតែទទួលបានការស្នើសុំពីមេដឹកនាំនៃប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក្នុងអំឡុងពេលមានការចរចាដ៏ធំមួយដែលកំពុងដំណើរការ។
លោក ត្រាំ បាននិយាយទៀតថា សម្ព័ន្ធមិត្តឈូងសមុទ្រមានទំនុកចិត្តថាកិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេច រួមទាំងបទប្បញ្ញត្តិដែលថាអ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏បានណែនាំឲ្យយោធារបស់សហរដ្ឋអាមេរិក ត្រៀមខ្លួនដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំ និងពេញលេញលើអ៊ីរ៉ង់ នៅពេលទទួលបានសញ្ញាដំបូង ប្រសិនបើកិច្ចព្រមព្រៀងណាមួយមិនត្រូវបានសម្រេចទេនោះ។
គួរជម្រាបជូនផងដែរថា បន្ទាប់ពីត្រឡប់មកពីដំណើរទស្សនកិច្ចនៅប្រទេសចិនវិញ លោក ត្រាំ បានចេញការព្រមានដ៏ខ្លាំងៗ ជាបន្តបន្ទាប់ទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយនៅថ្ងៃទី១៧ ឧសភា លោកបានបញ្ជាក់ថាពេលវេលាជិតអស់ហើយ ហើយអ៊ីរ៉ង់នឹងគ្មានសេសសល់អ្វីទាំងអស់ ប្រសិនពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាព៕

