លោក Fatih Birol នាយកទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ស្តុកប្រេងពាណិជ្ជកម្មកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ខណៈដែលពិភពលោកចូលដល់រដូវដាំដុះថ្មី និងរដូវកាលទេសចរណ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Fatih Birol បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១៨ ខែឧសភាថា ស្តុកប្រេងពាណិជ្ជកម្ម (កាន់កាប់ដោយវិស័យឯកជន) គឺគ្រាប់គ្រាន់សម្រាប់តែពីរ ទៅបីសប្តាហ៍ប៉ុណ្ណោះ ហើយចំនួននោះកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស។
នាយកទីភ្នាក់ងារ IEA រូបនេះ បានបន្ថែមទៀតថា មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់នៅចុងខែកុម្ភៈ ទីផ្សារប្រេងមានការផ្គត់ផ្គង់លើសកម្រិតច្រើន ហើយស្តុកប្រេងពាណិជ្ជកម្មក៏មានកម្រិតខ្ពស់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារតែការប្រយុទ្ធគ្នា និងការបិទច្រកសមុទ្រ Hormuz។
លោក Birol បានសង្កត់ធ្ងន់ថា ការបញ្ចេញទុនបម្រុងប្រេងយុទ្ធសាស្ត្រដោយប្រទេសផ្សេងៗ បានបន្ថែមត្រឹមតែប្រមាណ ២,៥លានបារ៉ែលក្នុងមួយថ្ងៃ ទៅក្នុងទីផ្សារប៉ុណ្ណោះ។ ហើយទុនបម្រុងទាំងនេះ គឺមិនគ្រប់គ្រាន់នោះទេ នៅពេលដែលប្រទេសនានានៅអឌ្ឍគោលខាងជើង ឈានចូលដល់រដូវដាំដុះនិទាឃរដូវ និងរដូវកាលទេសចរណ៍ ស្តុកប្រេងនឹងថយចុះកាន់តែលឿនដោយសារតែតម្រូវការប្រេងម៉ាស៊ូត ជី ប្រេងឥន្ធនៈយន្តហោះ និងប្រេងសាំងកើនឡើង។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ការផ្គត់ផ្គង់ប្រេងសកលនៅឆ្នាំនេះកំពុងធ្លាក់ចុះមិនគ្រប់គ្រាន់តាមតម្រូវការ។ ជម្លោះនៅមជ្ឈិមបូព៌ាបានរំខានដល់ការផលិតប្រេងនៅក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ ហើយស្តុកប្រេងបានធ្លាក់ចុះក្នុងអត្រាមិនធ្លាប់មានពីមុនមក៕

