ប្រទេសប៊ូតាន លក់ចេញកាក់ Bitcoin មានតម្លៃប្រហែល ១ពាន់លានដុល្លារ

អន្តរជាតិ

ប្រទេសប៊ូតាន ដែលជាប្រទេសកាន់កាក់ Bitcoin ធំជាងគេទីពីររបស់ពិភពលោក ត្រូវបានគេជឿថាបានលក់រូបិយប័ណ្ណគ្រីបតូដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារ គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ មក។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CoinDesk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៊ូតាន ដែលជាប្រទេសតូចមួយនៅអាស៊ី ស្ថិតនៅក្នុងតំបន់ហិម៉ាឡៃ និងជាប្រទេសទីពីរបន្ទាប់ពីប្រទេសអែលសាល់វ៉ាឌ័រ ដែលបាន Mine និងកាន់កាប់កាក់ Bitcoin (BTC) ជាផ្លូវការ ត្រូវបានគេជឿថាបានលក់រូបិយប័ណ្ណគ្រីបតូរបស់ខ្លួន ក្នុងចំនួនយ៉ាងច្រើន។

យោងតាមក្រុមហ៊ុនវិភាគទិន្នន័យ Arkham Intelligence បានបង្ហាញឲ្យដឹងទៀតថា ប្រទេសនេះប្រហែលជាបានលក់កាក់ BTC ដែលមានតម្លៃ ១ពាន់លានដុល្លារ គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥មក។

យ៉ាងណាមិញ ចាប់តាំងពីដើមឆ្នាំនេះមក គណនី Wallet ដែលត្រូវបានគេដឹងថាជាកម្មសិទ្ធិរបស់ Druk Holding and Investments (DHI) ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពនៃព្រះរាជាណាចក្រប៊ូតាន បានផ្ទេរកាក់ Bitcoin ដែលមានតម្លៃប្រហែល ២០៧លានដុល្លារទៅកាន់ទីផ្សារផ្លាស់ប្តូររូបិយប័ណ្ណឌីជីថល និងក្រុមហ៊ុនពាណិជ្ជកម្មផ្សេងៗ។

មិនតែប៉ុណ្ណោះ ការកាប់កាប់គណនី Wallet របស់ DHT ដែលត្រូវបានតាមដានដោយ Arkham បានថយចុះពីប្រហែល ១៣ ០០០ BTC ក្នុងខែតុលា ឆ្នាំ២០២៤ មកត្រឹមប្រហែល ៣ ១០០ BTC ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១៥ ខែឧសភា។ លំហូរចេញនៃកាក់ Bitcoin នេះ បានកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំ២០២៦ ដល់ចំណុចដែល Arkham ប៉ាន់ប្រមាណថាប្រទេសប៊ូតាន នឹងលក់ការកាន់កាប់ Bitcoin ដែលនៅសល់របស់ខ្លួន នៅខែតុលាខាងមុខ ប្រសិនបើតម្លៃនៃកាក់នេះ នៅតែបន្តរក្សាកម្រិតដូចបច្ចប្បន្ន។

គួរជម្រាបជូនផងដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ប្រទេសប៊ូតាន បានប្រកាសពីការប្តេជ្ញាចិត្តអភិវឌ្ឍទៅលើកាក់ Bitcoin របស់ខ្លួន។ ក្រោមការប្តេជ្ញាចិត្តនេះ កាក់ Bitcoin រហូតដល់ ១០ ០០០ កាក់ នឹងត្រូវបានបែងចែកសម្រាប់ការអភិវឌ្ឍរយៈពេលវែងនៃ Gelephu Mindfulness City ដែលជាតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅភាគខាងត្បូងនៃប្រទេស។ ជុំវិញការប្តេជ្ញាចិត្តនេះ បើគិតជាសាច់ប្រាក់មានតម្លៃប្រហែល ៨៦០លានដុល្លារ៕​