អ្នកឧកញ៉ា លឹម ហេង អគ្គនាយកក្រុមហ៊ុន លឹម ហេង គ្រុប ចូលរួមឧបត្ថម្ភថវិកា សាងសង់ផ្ទះចំនួន ៣ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ជូនអតីតយុទ្ធជន និងនិវត្តជន សម្រាប់ឆ្នាំ២០២៦។ នេះបើតាមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បង្ហាញឱ្យដឹង កាលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

កាលព្រឹកថ្ងៃទី១៥ ខែឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩»។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា ការប្រារព្ធ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងដើម្បីឆ្លើយតបនឹងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
សូមជម្រាបថា បច្ចុប្បន្នសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអស់មួយជីវិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ជាអនុប្រធានសមាគម និងជាអគ្គលេខាធិការ៕


