ទូតកម្ពុជា ស្នើឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីសម្រួលការនាំចេញនិងនាំចូល

សង្គម​ និង​សេដ្ឋកិច្ច

លោកឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្នើឱ្យជម្រុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីសម្រួលដល់ការនាំចេញ-នាំចូលទំនិញនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយលោក Yeo Han-Koo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ នៅសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (Chamber of Commerce and Industry – KCCI) ក្នុងទីក្រុងសេអ៊ូល នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ។

នាឱកាសនោះ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា កម្ពុជា​ និងសាធារណរដ្ឋកូរ៉េ​ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានតាំងពីឆ្នាំ ២០២២ ហើយវាជាយន្តការដ៏សំខាន់សម្រាប់ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ជាមួយគ្នាននោះ លោកក៏បានស្នើជម្រុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ​ ដើម្បីសម្រួលដល់ការនាំចេញ-នាំចូលទំនិញនៃប្រទេសទាំងពីរ។

សូមជម្រាបដែរថា តាមរយៈអង្គជំនួបនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ​ និងអាស៊ាន និងបានផ្លាស់ប្តូរយោបល់លើយន្តការចាំបាច់មួយចំនួនដើម្បីជួយជំរុញដល់កំណើនពាណិជ្ជកម្មរវាងសាធារណរដ្ឋកូរ៉េ​ និងអាស៊ាន។ អត្ថបទ៖ហ្សាលីន