រដ្ឋមន្រ្តីក្រសួងការងារ៖ ២០ខែ នៃការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ចំនួនរោងចក្រ សហគ្រាសបានកើនឡើងដល់ជាង៤ម៉ឺន ៥ពាន់ សហគ្រាស

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល បានថ្លែងថា ក្នុងរយៈពេល២០ខែ នៃការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ចំនួនរោងចក្រ សហគ្រាសបានកើនឡើងពីចំនួន៤ម៉ឺន៣រយ ដល់ចំនួន៤ម៉ឺន ៥ ៣៨៦ សហគ្រាស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហេង​ សួរ បានថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលរវាងសម្តេចធិបតីជាមួយកម្មករនិយោជិតជាង៣ម៉ឺននាក់ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។

នាឱកាសនោះ លោក ហេង សួរ បានលើកឡើងបន្តថា កម្មករ និយោជិតបានកើនពី១,៦៥លាននាក់ ដល់ប្រមាណ​១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ចំណូលជូនបងប្អូនកម្មករនិយោជិតជាមធ្យមប្រចាំឆ្នាំប្រមាណជា ៦ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមួយមានសហគ្រាសសរុបចំនួន១ពាន់៦៥៧សហគ្រាស មានកម្មករ និយោជិតប្រមាណ៩៧ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមប្រចាំឆ្នាំប្រមាណ៣ពាន់លានដុល្លារអាម៉េរិក។

ដោយឡែកបើគិតតែសហគ្រាសក្នុងខេត្តព្រះសីហនុបានកើនឡើងពីចំនួន ៦៩ សហគ្រាស មានកម្មករនិយោជិត ១០ ៦១៩ នាក់បានកើនឡើងដល់ ៣ ៨៣៣សហគ្រាស កម្មករនិយោជិត ១១៥ ៨៥៤ នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣៥៩ លានដុល្លារអាម៉េរិក។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននឹងកំពុងបន្តគោលនយោបាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីកែប្រែកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងប្រែក្លាយប្រទេសកម្ពុជាពីប្រទេសប្រើកម្លាំងអតិពលកម្ម មកពលកម្មជំនាញវិញ តាមរយៈការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅអាណត្តិទី៧នេះផងដែរ៕