ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើព្រះរាជសារមួយជូនជនរួមជាតិ ដោយមានព្រះបន្ទូលថា ព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត ដែលតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ត្រូវគង់ប្រថាប់នៅមន្ទីរពេទ្យបន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេស់នៅពេលនេះបានទេ។

នៅក្នុងព្រះរាជសារ ព្រះអង្គបានមានព្រះបន្ទូលថា៖ «តាមការពិនិត្យដោយយកចិត្តទុកដាក់ល្អិតល្អន់ ជាទីបំផុតពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថាបច្ចុប្បន្ននេះ ទូលព្រះបង្គំជាខ្ញុំ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer)។ តាមវេជ្ជបញ្ជា របស់ក្រុមគ្រូពេទ្យ ទួលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតគង់ប្រថាប់បន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេស់នៅពេលនេះបានទេ។ ក្រុមគ្រូពេទ្យតម្រូវឱ្យ ទូលព្រះបង្គំ ខ្ញុំ ព្រះករុណាខ្ញុំ ចូលគង់ប្រថាប់ក្នុងមន្ទីរពេទ្យដើម្បីព្យាបាលតាមវេជ្ជបញ្ជា នឹងថែរក្សាព្រះរាជសុខភាព មួយរយៈពេល ពីមួយខែ ទៅពីរខែបន្តទៀត»។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០នេះ ព្រះអង្គ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត សូមផ្ញើសេចក្តីនឹករលឹកជាពន់ពេក និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ថ្វាយសម្តេច ព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ថ្វាយ និងជូន សម្តេច ព្រះញាតិវង្សានុវង្ស និងជូនបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន និងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ហ្សាលីន


