យោងតាមការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានធ្វើឲ្យក្រុមហ៊ុននានានៅជុំវិញពិភពលោកខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ ២៥ពាន់លានដុល្លាររួចទៅហើយ ហើយចំនួននៃការខាតបង់នេះ កំពុងបន្តកើនឡើងបន្ថែមទៀត។

យោងតាមការពិនិត្យឡើងវិញនូវរបាយការណ៍ស្ថិតិរបស់ក្រុមហ៊ុនធំៗដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី បានបង្ហាញនូវទិដ្ឋភាពដ៏គួរឲ្យព្រួយបារម្ភបំផុតមួយអំពីផលវិបាក ចាប់តាំងពីមានជម្លោះផ្ទុះឡើង។ អាជីវកម្មទាំងនោះ កំពុងតស៊ូជាមួយនឹងតម្លៃថាមពលដែលកើនឡើងខ្ពស់ ខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្លូវពាណិជ្ជកម្មដែលត្រូវបានកាត់ផ្តាច់ ដោយការរឹតត្បិតរបស់អ៊ីរ៉ង់ នៅលើច្រកសមុទ្រ Hormuz។
Reuters បានបង្ហាញទៀតថា ស្ថានភាពនេះ បានធ្វើឲ្យក្រុមហ៊ុនយ៉ាងហោចណាស់ ២៧៩ ចេញមុខលើកឡើងពីវិធីសាស្រ្តការពារ ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ រួមទាំងការកើនឡើងតម្លៃ និងការកាត់បន្ថយផលិតកម្ម។ ក្រុមហ៊ុនផ្សេងទៀត បានផ្អាកការបែងចែកភាគលាភ ឬការទិញយកមកវិញ ក៏ដូចជាបញ្ឈប់បុគ្គលិកពីការងារ ដំឡើងថ្លៃប្រេងឥន្ធនៈបន្ថែម ឬស្វែងរកជំនួយបន្ទាន់ពីរដ្ឋាភិបាល។
បើតាមអ្នកវិភាគ បាននិយាយផងដែរថា នៅពេលដែលកំណើនថយចុះ អំណាចនៃការកំណត់តម្លៃនឹងចុះខ្សោយ ហើយថ្លៃដើមថេរនឹងកាន់តែពិបាកក្នុងការស្រូបយក ដែលគំរាមកំហែងដល់ប្រាក់ចំណេញនៅត្រីមាសទីពីរ និងឆ្នាំបន្តបន្ទាប់ទៀត។ ការដំឡើងថ្លៃលើទំនិញជាប់លាប់ទំនងជាជំរុញឲ្យកើតមានអតិផរណា ដែលប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ដែលកំពុងមានភាពផុយស្រួយរួចស្រាប់ទៅហើយ។
គួរជម្រាបជូនផងដែរថា ជុំវិញស្ថានភាពនេះ បានធ្វើឲ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ជាអ្នករងផលប៉ះពាល់ខ្លាំងបំផុត ដែលចំនួនរហូតដល់ ១៧ពាន់លានដុល្លារ ដោយសារតម្លៃប្រេងឥន្ធនៈយន្តហោះបានកើនឡើងជិតទ្វេដង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Toyota របស់ប្រទេសជប៉ុន ក៏បានព្រមានអំពីផលប៉ះពាល់ចំនួន ៤,៣ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុន P&G បានប៉ាន់ប្រមាណថាប្រាក់ចំណេញក្រោយពន្ធនឹងធ្លាក់ចុះចំនួន ១ពាន់លានដុល្លារ។ ហើយសូម្បីតែក្រុមហ៊ុនអាហារសម្រន់ខ្នាតយក្ស McDonald’s បានលើកឡើងពីការកើនឡើងនៃអតិផរណា ដែលធ្វើឲ្យរំខាន់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ៕

