តម្លៃប្រេងពិភពលោក បន្តហក់ឡើងខ្ពស់ ក្រោយលោក ត្រាំ គំរាមវាយប្រហារអ៊ីរ៉ង់ថែមទៀត

អន្តរជាតិ

តម្លៃប្រេងពិភពលោកបន្តកើនឡើងដល់កម្រិតដ៏ខ្ពស់បំផុតមួយ ខណៈវិនិយោគិនមានការព្រួយបារម្ភអំពីជម្លោះកាន់តែយូរអង្វែង ស្របពេលសហរដ្ឋអាមេរិកបានបើកចំហលទ្ធភាពនៃការវាយប្រហារលើរោងចក្រប្រេងរបស់អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកសម្រាប់ការចែកចាយនៅខែឧសភា និងប្រេងឆៅ Brent សម្រាប់ការចែកចាយនៅខែមិថុនា សុទ្ធតែបានឡើងថ្លៃ ដោយ WTI កើនឡើងតម្លៃលើសប្រេង Brent ដោយសារតែការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់រយៈពេលខ្លីនៅក្នុងច្រកសមុទ្រ Hormuz។

ក្នុងនោះប្រេងឆៅ Brent បានកើនឡើង ៧,៨% ដល់ ១០៩,០៣ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេង WTI បានកើនឡើង ១១,៤% ដល់ ១១១,៥ដុល្លារ។

លើសពីនេះ យោងតាមទិន្នន័យរបស់ S&P Global ក៏បានបង្ហាញឲ្យដឹងផងដែរថា តម្លៃលក់ភ្លាមៗសម្រាប់ការដឹកជញ្ជូនប្រេងឆៅ Brent បានឈានដល់ ១៤១,៣៦ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ មក។

ជម្រាបជូនថា តម្លៃប្រេងឆៅបានបន្តកើនឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២ ខែមេសាថាជម្លោះអាចមានរយៈពេលយ៉ាងហោចណាស់ ២-៣សប្តាហ៍ទៀត ហើយថែមទាំងបានបង្ហាញពីលទ្ធភាពក្នុងការវាយប្រហារលើរោងចក្រប្រេងរបស់អ៊ីរ៉ង់ ផងដែរ៕​