ក្រុមហ៊ុនផលិតខ្សែអុបទិក WCFO បើកការដ្ឋានសាងសង់អគារថ្មី ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន WCFO (Cambodia) Co., Ltd បានរៀបចំពិធីបើកការដ្ឋានសាងសង់អគារថ្មីរបស់ក្រុមហ៊ុន ក្នុងតំបន់​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កាលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

WCFO ជាក្រុមហ៊ុនផលិតខ្សែអុបទិកស្តង់ដារអន្តរជាតិមួយ ដែលផលិត និងនាំចេញផលិតផលមានគុណភាពខ្ពស់​ទៅកាន់ទីផ្សារធំៗដូចជា ជប៉ុន និងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន WCFO បានជ្រើសរើសប្រទេសកម្ពុជា ជាមូលដ្ឋាន​ផលិតកម្មក្រៅប្រទេសដំបូងរបស់ខ្លួននៅឆ្នាំ២០២០ និងបានចាប់ផ្តើមផលិតកម្មក្នុង RGPPSEZ ជាមួយរោងចក្រ​ជួល ហើយក៏បានពង្រីកអាជីវកម្មជាបន្តបន្ទាប់ ឈានដល់ការសាងសង់រោងចក្រផ្ទាល់ខ្លួននៅក្នុង RGPPSEZ តែម្តង។

តំបន់​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) ក៏បានជូនពរឱ្យក្រុមហ៊ុន WCFO ទទួលបានជោគជ័យ និងសង្ឃឹមថានឹងបានឃើញភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត។

សូមជម្រាបថា តំបន់​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាអ្នករួមចំណែកដ៏សំខាន់មួយ ចំពោះការ​បង្កើតឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសនេះ ផ្ដល់ឱកាសការងារដល់កម្មករ កម្មការិនីចំនួន ៥៥ ៩៣៥នាក់ ដែលគាំទ្រដល់ជីវភាព​រស់នៅ និងរួមចំណែកដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ៕