ឧកញ៉ា តាន់ មុនីវណ្ណ ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ផ្នែកសំណង់ និងអចលនទ្រព្យ” ពិភាក្សាលើ​បញ្ហាប្រឈម ៦ចំណុច

ជុំវិញ​ឧកញ៉ា

នៅរសៀលថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា ងួន ម៉េងតិច​ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា,  អនុសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន​, តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​នៅកម្ពុជា, តំណាងសមាគមអគ្គិសនីជនបទ, តំណាងក្រុមហ៊ុនអចលនទ្រព្យ សំណង់ បុរីឯកជន និងអ្នកពាក់ព័ន្ធ ដែលជាសមាជិកនៃក្រុមការងារផ្នែកឯកជនជាច្រើនទៀត។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហា​ប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យសំណង់ និង​អចលនទ្រព្យ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលខាងមុខនេះ។ 

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១.បញ្ហានៃការ​វាស់វែង​ដីធ្លីជាប្រព័ន្ធ, ២.បញ្ហានៃការទទួលបានប្លង់បន្ទាប់ពីការវាស់វែងរួច, ៣.ការទិញអចលនទ្រព្យរបស់ជនបរទេស, ៤.ការផ្តល់សញ្ជាត្តិជូនជនបរទេសតាមរយៈការទិញអចលនទ្រព្យ, ៥.​បញ្ហានៃការមិនដាក់ប្រភេទដីនៅលើប្លង់ , ៦.ការចាត់ថ្នាក់គម្រោងសំណង់បុរីលំនៅឋាន រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ៕