មហាសេដ្ឋីមានដាច់គេបំផុតរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានចែករំលែកវីដេអូនៃដំណើរការសាងសង់ស្ថានីយរថភ្លើងដ៏អស្ចារ្យមួយ នៅក្នុងប្រទេសចិន លើបណ្តាញសង្គម X របស់ខ្លួន។

វីដេអូមានរយៈពេលជិត ៦នាទី ដែលចែករំលែកដោយលោក Musk កាលពីថ្ងៃទី១៨ ខែឧសភា បានបង្ហាញពីការសាងសង់រចនាសម្ព័ន្ធពហុជាន់ដ៏ធំបំផុត និងប្រព័ន្ធដឹងជញ្ជូនរួមបញ្ចូលគ្នានៃស្ថានីយរថភ្លើង Dongchongqing ស្ថិតនៅក្នុងទីក្រុង Chongqing ប្រទេសចិន។ វីដេអូនេះទទួលបានការមើលជាង ៥៦លានដងឯណោះ។
រូបរាងនៃស្ថាបត្យកម្ម រួមផ្សំជាមួយនឹងដីភ្នំនៃតំបន់ទីក្រុង Chongqing បាននាំឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើន ប្រៀបធៀបស្ថានីយរថភ្លើងមួយនេះ ទៅនឹងអ្វីមួយដែលយកចេញពីខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រអ៊ីចឹងដែរ។
គួរឲ្យដឹងថា ស្ថានីយរថភ្លើងល្បឿនលឿន Chongqing East ស្ថិតនៅក្នុងស្រុក Nan’an ជាយក្រុង Chongqing ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងខែមិថុនា ឆ្នាំ២០២៥។ ខ្សែរថភ្លើងថ្មីនេះត្រូវបានរចនាឡើងសម្រាប់រថភ្លើងធ្វើដំណើរក្នុងល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ស្ថានីយនេះ គឺជាមជ្ឈមណ្ឌលរថភ្លើងល្បឿនលឿនធំជាងគេនៅភាគខាងលិចប្រទេសចិន ដែលមានផ្ទៃក្រឡាសាងសង់សរុបប្រហែល ១,២២ លានម៉ែត្រការ៉េ ស្មើនឹងទីលានបាល់ទាត់ ១៧០ និងធំជាងស្ថានីយ Grand Central ក្នុងទីក្រុងញូវយ៉កដល់ទៅប្រាំដង។ ស្ថានីយរថភ្លើង Chongqing Dongjing មាន ១៥ ជាន់ និងផ្លូវរថភ្លើងចំនួន ២៩ ជាមួយនឹងការវិនិយោគទឹកប្រាក់សរុបចំនួន ៧,៨ពាន់លានដុល្លារ និងចាយពេលសាងសង់ ៣៨ខែ៕

